ភ្នំពេញ៖ យោងតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ថា រដ្ឋាភិបាលជប៉ុននឹងផ្ដល់ជំនួយវ៉ាក់សាំងAstraZeneca ចំនួនប្រមាណ៣០ម៉ឺនដូសដល់ព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើវ៉ាក់សាំងប្រមាណ ១លានដូសដែលបានផ្តល់ជូនរួចរាល់។ ការសម្រេចនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា។
វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញនៅថ្ងៃទី១៩ ខែធ្នូ ក្រោមការរៀបចំភ័ស្តុភារដោយ COVAX Facility និងគាំទ្រដោយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក។
លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា មិកាមិ ម៉ាសាហ៊ីរ៉ូ មានប្រសាសន៍ថា៖ “ខ្ញុំសង្ឃឹមថាជំនួយនេះ នឹងរួមចំណែកបន្ថែមទៀតដល់ជំហានឆ្ពោះទៅរកការងើបឡើងវិញនៃសង្គម និងសេដ្ឋកិច្ច ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា។ ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាលគឺជាអាទិភាពចម្បងសម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសរុបប្រមាណ ច្រើនជាង ៦០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រតាមរយៈអង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។”
“យើងក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការគាំទ្រហិរញ្ញវត្ថុដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។”
“ខ្ញុំក៏សូមឆ្លៀតក្នុងឱកាសនេះសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះអ្នកជំនាញសុខាភិបាល និងមន្ត្រីរដ្ឋាភិបាលទាំងអស់ដែលកំពុងតែចាត់វិធានការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ហើយខ្ញុំក៏សូមបួងសួងជូនពរដល់ប្រជាពលរដ្ឋទាំងអស់ដែលបាននិងកំពុងតែខិតខំប្រឹងប្រែងប្រឈមនឹងស្ថានភាពដ៏លំបាកនេះ។”
“ក្នុងការប្រយុទ្ធប្រឆាំងនៃកូវីដ១៩របស់យើង ប្រទេសជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់របស់យើង។
ខ្ញុំសង្ឃឹមថាស្ថានភាពសកលលោករួមទាំងកម្ពុជានឹងអាចល្អប្រសើរឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយការផ្លាស់ប្ដូរទំនាក់ទំនងរវាងប្រទេសយើងទាំងពីរក៏ដូចជាក្នុងពិភពលោកនឹងអាចចាប់ផ្តើមឡើងវិញ។”
“ខ្ញុំសូមបួងសួងឲ្យប្រជាជនកម្ពុជាទាំងអស់មានសុខភាពល្អ និងមានសុវត្ថិភាព៕”