×

ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប ទទួល​ជើងហោះហើរ​មកពី​សិង្ហបុរី​ឡើងវិញ ក្រោយ​រាជរដ្ឋាភិបាល​បើក​ប្រទេស​ឡើងវិញ

សៀមរាប៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងទទួលភ្ញៀវទេសចរ តាមរយៈក្រមហ៊ុនអាកាសចរណ៍សាំងហ្គាពួអែរឡាញ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសឡើងវិញ និងទទួលទេសចរវ៉ាក់សាំងពេញលេញ។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប បានចុះផ្សាយនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

ប្រភពបន្តថា កាលពីថ្ងៃទី១៦ ខែធ្នូ គណៈប្រតិភូកុងស៊ុលនៃបណ្តាប្រទេសជាមិត្តមួយចំនួនប្រចាំខេត្តសៀមរាប បានមកបំពេញទស្សនកិច្ចស្វែងយល់អំពីការរៀបចំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីត្រៀមទទួលភ្ញៀវទេសចរវ៉ាក់សាំងពេញលេញ។

ប្រភពដដែលបន្ថែមទៀតថា លោក ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឱ្យដឹងថា មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ២ បានប្រកាសចាប់ផ្តើមហោះហើរមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ពោលគឺ ក្រមហ៊ុនអាកាសចរណ៍សាំងហ្គាពួអែរឡាញ ធ្វើការហោះហើរដឹកអ្នកដំណើរមកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅសិង្ហបុរីវិញជារៀងរាល់ថ្ងៃ និង ក្រុមហ៊ុនអាកាសចរណ៍ ឡាយម៉ីអែរឡាញ (Lamei Airlines) នឹងធ្វើការហោះហើរពីភ្នំពេញមកសៀមរាប និងពីសៀមរាបទៅបាងកក ពីបាងកកមកសៀមរាបវិញ ដោយឆ្លងកាត់ភ្នំពេញ ក្នុងមួយសប្តាហ៍ពីរជើង។

ជាមួយគ្នានេះ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប និងក្រុមការងារអនុវត្តនីតិប្រតិបត្តិស្តង់ដា SOP បានឱ្យដឹងដែរថា ការត្រួតពិនិត្យ នឹងត្រូវបានធ្វើឡើងដោយហ្មត់ចត់បំផុត ដោយភ្ញៀវដែលត្រូវឆ្លងកាត់អាកាសយានដ្ឋានត្រូវតែមានបណ្ណចាក់វ៉ាក់សាំងពេញលេញ និងត្រូវមានបណ្ណបញ្ជាក់ថាបានធ្វើតេស្ត PCR មុន៧២ម៉ោងនៃការមកដល់គោលដៅ និងបណ្ណប្រកាសសុខភាព។ ភ្ញៀវទេសចរអន្តរជាតិ ត្រូវតែទទួលការធ្វើតេស្តរហ័សពីក្រុមការងារ បើអវិជ្ជមាន គឺអាចធ្វើដំណើរកម្សាន្តបាន បើស្ថិតក្នុងករណីអវិជ្ជមាន ត្រូវទទួលការថែទាំនិងព្យាបាល តាមការជ្រើសរើសមន្ទីរព្យាបាលតាមការចង់បានរបស់ភ្ញៀវ តែបើលទ្ធផលវិជ្ជមានពុំមានអាការសម្គាល់ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ដាច់ដោយឡែក នៃសណ្ឋាគារស្នាក់នៅនោះតែម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង