ហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ី បានកត់ត្រាករណីវីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង (Omicron) ជាលើកដំបូងរបស់ខ្លួន បន្ទាប់ពីអ្នកមើលការខុសត្រូវ នៅមណ្ឌលចត្តាឡីស័កមួយ ក្នុងទីក្រុងហ្សាកាតា បានធ្វើតេស្តវិជ្ជមានកូវីដ១៩។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានប្រកាសឱ្យដឹងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។
លោករដ្ឋមន្ត្រី Budi Gunadi Sadikin បានមានប្រសាសន៍ថា អ្នកជំងឺមិនមានក្អក ឬក្ដៅខ្លួនអ្វីឡើយ។ អ្នកជំងឺស្ថិតក្នុងចំណោមបុគ្គលិកមើលការខុសត្រូវ ដែលបានទទួលការធ្វើតេស្ត PCR កាលពីថ្ងៃទី៨ ខែធ្នូ។ អ្នកមើលថែ ៣នាក់ រួមទាំងអ្នកជំងឺមានផ្ទុកអូមីក្រុង បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ហើយសំណាករបស់ពួកគេត្រូវបានបញ្ជូនសម្រាប់ការវិភាគនៅថ្ងៃទី១០ ខែធ្នូ។ លទ្ធផល មានអូមីក្រុងម្នាក់។
ប្រទេសឥណ្ឌូណេស៊ី បានបិទព្រំដែនរបស់ខ្លួនសម្រាប់អ្នកដំណើរមកពីប្រទេស និងដែនដីចំនួន ១១ កាលពីខែវិច្ឆិកា ដើម្បីការពារការនាំចូលវីរុសអូមីក្រុង។ ប្រទេសទាំងនេះភាគច្រើន ស្ថិតនៅក្នុងទ្វីបអាហ្រ្វិក៕