ព័រតូរីកូ៖ ការប្រកួតបវរកញ្ញាពិភពលោកឆ្នាំ២០២១ ត្រូវបានអ្នករៀបចំពន្យារពេល ដោយសារមានការព្រួយបារម្ភអំពីជំងឺកូវីដ១៩។ អ្នករៀបចំកម្មវិធីបាននិយាយថា វគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅទីក្រុង San Juan ប្រទេសព័រតូរីកូ នៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែឥឡូវនេះត្រូវបានពន្យារពេល។
ព្រឹត្តិការណ៍នេះ ត្រូវបានវាយប្រហារដោយការផ្ទុះឡើងនូវកូវីដ១៩ក្នុងចំណោមបេក្ខនារី យ៉ាងហោចណាស់ ១៧នាក់។ អង្គការបវរកញ្ញាពិភពលោកបាននិយាយថា ខ្លួនបានសម្រេចចិត្តពន្យារពេលព្រឹត្តិការណ៍នេះ បន្ទាប់ពីពិភាក្សាជាមួយក្រសួងសុខាភិបាលរបស់ប្រទេសព័រតូរីកូ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវកំណត់ពេលឡើងវិញ ហើយនឹងធ្វើឡើងនៅទីតាំងដដែល ក្នុងរយៈពេល ៩០ថ្ងៃបន្ទាប់។
សូមជម្រាបថា បេក្ខនារីមកពី ៩៨ប្រទេស បានចូលរួមក្នុងការប្រឡងបវរកញ្ញាពិភពលោកក្នុងឆ្នាំនេះ។
កាលពីខែមុន ការប្រលងបវរកញ្ញាចក្រវាល ក្នុងប្រទេសអ៊ីស្រាអែល បានរកឃើញបវរកញ្ញាបារាំង Clemence Botinoបានធ្វើតេស្តវិជ្ជមាននៅពេលនាងមកដល់៕