×

រំភើបណាស់! ទេសចរ​ប្រហែល​៧០នាក់​ដំបូង​មក​តាមជើងហោះហើរ​សិង្ហបុរី បាន​មកដល់​ទឹកដី​អង្គរហើយ ក្រោយ​អាក់ខាន​ប្រហែល​២ឆ្នាំ

សៀមរាប៖ អ្នកទេសចរចម្រុះជាតិសាសន៍ចំនួន៦៧នាក់ បានមកដល់ទឹកដីនៃខេត្តសៀមរាប តាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងហោះហើរ នៃយន្តហោះរបស់ក្រុមហ៊ុន សាំងកាពួ អ៊ែរឡាញ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប រាយការណ៍នៅរសៀលថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១។

នេះជាលើកដំបូងហើយ ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានទទួលការចុះចត និងទទួលភ្ញៀវទេសចរ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសឡើងវិញ និងទទួលទេសចរវ៉ាក់សាំងពេញលេញ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានចាត់ទុកថា នេះជាលើកដំបូងហើយ ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក៏ដូចជាខេត្តសៀមរាប បានទទួលអ្នកទេសចរលើកដំបូង បន្ទាប់ពីអាក់ខានប្រមាណជា២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ១៩ ហើយការមកដល់របស់អ្នកទេសចរអន្តរជាតិនេះ ជាសញ្ញាល្អមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសខេត្តសៀមរាប។

លោក ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឱ្យដឹងថា មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ២ បានប្រកាសចាប់ផ្តើមហោះហើរមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ពោលគឺ ក្រមហ៊ុនអាកាសចរណ៍សាំងហ្គាពួអែរឡាញ ធ្វើការហោះហើរដឹកអ្នកដំណើរមកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅសិង្ហបុរីវិញជារៀងរាល់ថ្ងៃ និង ក្រុមហ៊ុនអាកាសចរណ៍ ឡាយម៉ីអែរឡាញ (Lamei Airlines) នឹងធ្វើការហោះហើរពីភ្នំពេញមកសៀមរាប និងពីសៀមរាបទៅបាងកក ពីបាងកកមកសៀមរាបវិញ ដោយឆ្លងកាត់ភ្នំពេញ ក្នុងមួយសប្តាហ៍ពីរជើង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង