×

កុំថាមិនអី! វីរុស​ផ្ដាសាយធំ អាចបង្ក​ឱ្យ​រលាកខួរក្បាល និង​សាច់ដុំ​បេះដូង

បើយើងឈឺផ្ដាសាយ សឹងតែថា មិនបាច់ទៅឱ្យពេទ្យពិនិត្យក៏យើងអាចជាមកវិញលឿនដែរ ព្រោះវាជាជំងឺទូទៅមួយកើតឡើងលើមនុស្សយើងទៅហើយ។ ប៉ុន្តែចំពោះជំងឺផ្ដាសាយធំ គឺមិនដូចគ្នាទេ បើយើងឈឺហើយវាអាចបង្កជាផលវិបាកច្រើនដល់សុខភាពយើង។

ជំងឺផ្ដាសាយធំ (ភាសាបច្ចេកទេស Influenza) ជាជំងឺផ្លូវដង្ហើមប៉ះពាល់ដល់ច្រមុះ បំពង់ក និងសួត។ ជារឿយៗ គ្នាយើងមួយចំនួនងាយយល់ច្រឡំផ្ដាសាយធំ នឹងផ្ដាសាយធម្មតា ទាំងពីរនេះ បង្កឡើងដោយវីរុសផ្សេងគ្នា ហើយជំងឺផ្ដាសាយធំអាចបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព មិនដូចផ្ដាសាយធម្មតាទេ។ នេះបើតាមការឱ្យដឹងលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។

ផ្ដាសាយធំអាចបង្កជាផលប៉ះពាល់សុខភាពយ៉ាងណាខ្លះ?
បើយើងធ្វេសប្រហែសនឹងជំងឺផ្ដាសាយធំនេះ អាចប៉ះពាល់សុខភាពច្រើនដូចជា៖

– រលាកសួត ខួរក្បាល ជាលិកាសាច់ដុំ និងសាច់ដុំបេះដូង
– ខ្សោះជាតិទឹក
– ឆ្លងមេរោគនៅត្រចៀក
– សរីរាង្គដំណើរការមិនល្អ ឬអាចបាត់បង់អាយុជីវិតជាដើម។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងប្រឆាំងជំងឺឆ្លង CDC អាមេរិក បើយើងជាអ្នកមានសុខភាពល្អធម្មតា យើងកម្រនឹងរងផលប៉ះពាល់អស់ទាំងនេះណាស់ ប៉ុន្តែជំងឺផ្ដាសាយធំអាចជាហានិភ័យសុខភាពខ្ពស់ទៅដល់ក្រុមមនុស្សមួយចំនួនមាន មនុស្សចាស់ (អាយុ៦៥ឆ្នាំឡើង) ទារក និងកុមារ ស្ត្រីពពោះ មនុស្សដែលមានជំងឺរ៉ាំរ៉ៃផ្សេងៗ និងមនុស្សដែលមានប្រព័ន្ធភាពការពារខ្សោយ។
ទោះយ៉ាងណាក៏ដោយ យើងអាចកាត់បន្ថយហានិភ័យបង្កឡើងដោយជំងឺផ្ដាសាយធំបានដោយការចាក់វ៉ាក់សាំងការពារជំងឺនេះ ឬទប់ស្កាត់ជំងឺផ្ដាសាយធំដោយក្បូនសាមញ្ញៗទាំងនេះបានដូចជា៖

១. មានអនាម័យខ្ពស់ (លាងដៃឱ្យបានស្អាត)
២. ជូតសម្អាតផ្ទៃវត្ថុនានា ជាមួយថ្នាំសម្លាប់មេរោគ
៣. ខ្ទប់មាត់ ឬច្រមុះពេលក្អក ឬកណ្ដាស់
៤. គេងឱ្យបានគ្រប់គ្រាន់ (៨ម៉ោង/យប់)
៥. ហាត់ប្រាណទៀងទាត់ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ។ល។

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង