×

វ៉ាក់សាំង​អាស្ត្រាហ្សេនីកា ជាង​៣០ម៉ឺនដូស​បន្ថែមទៀត ជាជំនួយ​របស់​រដ្ឋាភិបាលជប៉ុន បាន​មកដល់​កម្ពុជា​ហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ អំពីការមកដល់របស់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៃរដ្ឋាភិបាលជប៉ុន ចំនួន៣០ម៉ឺនដូសបន្ថែមទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ជូនកម្ពុជា។

ជំនួយវ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនីកា (AstraZeneca) មានចំនួន ៣០០.៨០០ដូសនេះ ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅវេលាម៉ោង០៦៖៥០នាទីល្ងាច ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោក មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ហ្វ័រ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត លី អាយឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំង នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ជាលើកទីបីហើយ ដែលប្រទេសជប៉ុនបានផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ទាំងតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងមជ្ឈមណ្ឌលកូវ៉ាក់ រួមមានលើកទី១ ចំនួន ៣៣២.០០០ដូស ក្នុងក្របខណ្ឌទ្វេភាគី លើកទី២ ចំនួន ៦៦៨.០០០ដូស ក្នុងក្របខណ្ឌមជ្ឈមណ្ឌលកូវ៉ាក់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង