ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២៧ ធ្នូ ២០២១ ឱ្យបានត្រឹមត្រូវ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺ គោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
កាលបរិច្ឆេទសំខាន់ៗនៃការប្រឡងឆ្នាំនេះ រួមមាន៖
-ដំណើរការសំណេរ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ គឺ ថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១
-ដំណើរការកំណែ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២
-ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី១៦ ខែមករាឆ្នាំ២០២២
-ក្រសួងកំណត់យកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗ ។
សូមជម្រាបថា ក្នុងឆ្នាំសិក្សា ២០២០-២០២១ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤.១៨៣ នាក់ ស្រី ៦០.៣៩៧ នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពី វិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤.៦១៦ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ ។
វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសា ប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម និងមាន៧មុខវិជ្ជា ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរគឺ ទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដែលត្រូវចែកជូនបេក្ខជន។
ក្រសួងនឹងរៀបចំការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី-ខេត្ត ពីរដង គឺលើកទី១ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលមណ្ឌលប្រឡងត្រូវនឹងអក្ខរក្រមនៃឈ្មោះរបស់ខ្លួន និងលើកទី២នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពិនិត្យមើលនិងបញ្ជាក់ម្ដងទៀតអំពី មណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ៕