ហ្វីលីពីន៖ ប៉ូលិសហ្វីលីពីនបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង រ៉ៃ (Rai) បានកើនឡើងដល់ជាង ២០០នាក់។ ខ្យល់ព្យុះដ៏ខ្លាំងនេះ បានបោកបក់កាត់កោះ Cebu និងផ្នែកផ្សេងទៀត នៃភាគកណ្តាលប្រទេសហ្វីលីពីនចាប់ពីយប់ថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ សប្ដាហ៍មុន។ វាបានបំផ្លាញផ្ទះសម្បែង និងបង្កជាទឹកជំនន់នៅតំបន់ជាច្រើន។
ប៉ូលីសបានបន្តថា មនុស្សយ៉ាងហោចណាស់ ២០៨ នាក់ ត្រូវបានសម្លាប់ ភាគច្រើននៅលើកោះ Cebu និង Bohol ។ ពួកគេបន្ថែមថា មនុស្សជាង ១៨ម៉ឺននាក់ បានស្វែងរកទីជម្រកបណ្ដោះអាសន្ន នៅសាលារៀន និងកន្លែងផ្សេងៗទៀត។
ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះ កំពុងប្រឈមមុខនឹងការលំបាកក្នុងការវាយតម្លៃពីទំហំនៃការខូចខាតនៅកោះដាច់ស្រយាល ដោយសារតែបណ្តាញដឹកជញ្ជូន និងទំនាក់ទំនងត្រូវបានរំខាននៅលើកោះមួយចំនួន។
រដ្ឋាភិបាលហ្វីលីពីន បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ថា ខ្លួននឹងបែងចែកថវិកាចំនួន ២ពាន់លានប៉េសូ ឬប្រហែល ៤០ លានដុល្លារ ដើម្បីចំណាយលើទឹក អាហារ តង់ និងសម្ភារសង្គ្រោះផ្សេងទៀត ចែកដល់ប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់។
ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ កំពុងត្រូវបានរារាំងដោយសារផ្លូវថ្នល់ ត្រូវបានកាត់ផ្តាច់ និងខូចខាតកំពង់ផែនៅក្នុងតំបន់ជាច្រើន៕