×

សម្តេចតេជោ ហ៊ុន សែន ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍ ២០កុម្ភៈ

អត្ថបទ លោក៖ ហ៊ន សុភ័ក្រ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ ដែលជាព្រឹត្តិការណ៍ធ្លាប់បានធ្វើឱ្យកម្ពុជាឆ្លងជំងឺកូវីដ១៩រហូតដល់ខ្ទងពាន់នាក់ និងធ្លាប់បានបិទប្រទេសកន្លងទៅ។
យោងតាមសារជាសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាវេលាថ្ងៃត្រង់ទី ២០ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំព្រះករុណាខ្ញុំ សម្រេចប្រកាសបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលជាព្រឹត្តិការណ៍សោកនាដកម្មដោយសារជំងឺ covid-19 ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា «ចាប់តាំងពីថ្ងៃ២០ កុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ រយៈពេល ១០ខែ ធ្វើឱ្យប្រជាពលរដ្ឋរបស់យើងឆ្លង Covid 19 ប្រមាណ ១២ ម៉ឺន ៤ពាន់ ២៣នាក់ និងបាត់បង់ជីវិតចំនួន ៣ពាន់ប្រាំនាក់»។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា «ថ្ងៃនេះជាលើកដំបូងក្នុងរយៈពេល ១០ ខែ ដែលព្រះរាជាណាចក្រកម្ពុជាយើង ពុំមានមនុស្សស្លាប់ ហើយអត្រាឆ្លងនេះទៀតសោត ក៏មានត្រឹមតែ ៧នាក់ប៉ុណ្ណោះ»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «ក្នុងរយៈពេលចុងក្រោយនេះ ករណី នៃឆ្លងជំងឺ covid-19 នៅក្នុងប្រទេសកម្ពុជាធ្លាក់មកនៅយ៉ាងតិច ត្រឹមពីរខ្ទង់ នៃការឆ្លង ហើយនៅក្នុងរយៈពេលចុងក្រោយនេះ គឺត្រឹមតែមួយលេខ មានន័យថាក្រោម ១០នាក់។ ក្នុងនោះ អ្នកស្លាប់ក៏បានធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់ថ្ងៃទី ២០ ធ្នូ នេះ ពុំមានអ្នកស្លាប់នោះទេ ដែលអាចចាត់ទុកថា នេះជាជោគជ័យមួយ ក្នុងការទប់ស្កាត់មិនឲ្យយើងធ្លាក់ទៅក្នុងជ្រោះមរណៈ»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់យើងឲ្យបានទាន់ពេលវេលា ហើយវ៉ាក់សាំងនេះទៀតសោត ក៏បានជួយជីវិតប្រជាពលរដ្ឋកម្ពុជា ដែលខ្ញុំសូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័ន អាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសផ្នែកសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យពេទ្យដែលចូលរួមប្រយុទ្ធជំងឺ រហូតដល់ប្រជាពលរដ្ឋហៅថា កងទ័ពអាវស»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញមោទនភាពថា «ខ្ញុំពិតជាមានមោទនភាពចំពោះសេនាធិការស្ថាប័នទាំងអស់ដែលបានចូលរួមជាមួយខ្ញុំក្នុងការដឹកនាំ នៃការប្រយុទ្ធក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ»។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណទៅដល់មិត្តបរទេស ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសបង្អែកយុទ្ធសាស្ត្រផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់សហរដ្ឋអាមេរិក ប្រទេសជប៉ុន ប្រទេសអង់គ្លេស និងប្រទេសហូឡង់ ដែលបានបញ្ជូនវ៉ាក់សាំងមកជួយដល់កម្ពុជា ហើយសង្ឃឹមថា នាពេលខាងមុខនេះ វ៉ាក់សាំងរបស់ប្រទេសអូស្ត្រាលី ប្រភេទ ហ្វាយហ្សឺ នឹងបញ្ជូនមកដល់ប្រទេសកម្ពុជា នៅយប់ថ្ងៃទី ២៦ថ្ងៃទី ២៨ ប្រមាណជា ២លាន ៣សែនដូសថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «ភាពស៊ាំនៅក្នុងសហគមន៍របស់យើងបានធ្វើឱ្យកាត់បន្ថយនៃការឆ្លងជំងឺកូវីដ១៩ និង ការស្លាប់ក៏បានកាត់បន្ថយ»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃនេះខ្ញុំប្រកាសបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈក៏ប៉ុន្តែមិនមែនមានន័យថា យើងប្រកាសបញ្ចប់ នូវការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នោះទេ យើងគ្រាន់តែប្រកាសបញ្ចប់ព្រឹត្តិការណ៍ ក៏ប៉ុន្តែការប្រយុទ្ធនៅតែជាកិច្ចការបន្តទៀត ដែលមិនអាចធ្វើប្រហែសបានទេ »។
សម្ដេចបញ្ជាក់ថា «យើងត្រូវតែខិតខំរួមគ្នា ដើម្បីកាត់បន្ថយឲ្យបានមិនឲ្យមានការឆ្លងជាបន្តទៀត។ ហើយត្រូវតែខិតខំក្នុងការផ្ដល់វ៉ាក់សាំងជូនប្រជាពលរដ្ឋបន្ថែមទៀតសម្រាប់អ្នកដែលមិនទាន់បានចាក់ និងខិតខំចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «វ៉ាក់សាំងរបស់យើងមានគ្រប់គ្រាន់ មិនខ្វះនោះទេ»៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង