×

តោះទៅ​ចូលរួម​ពិព័រណ៍​អាហារ​ជនបទ​ក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រី ទាំងអស់គ្នា!

សៀមរាប៖ ពិព័រណ៍អាហារជនបទ នៅក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នឹងមានការតាំងពិព័រណ៍អាហារជនបទដ៏ធំមួយ ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ បានភ្លក់រសជាតិដ៏ឈ្ងុយឆ្ងាញ់នៃអាហាររបស់បងប្អូនអ្នកភូមិព្រះដាក់។

វាក៏ជាឱកាសមួយដែលយើងអាចដើរមើល និងដើរភ្លក់រសជាតិអាហារបែបជនបទស្រុកស្រែជាច្រើនប្រភេទផងដែរ។ រដ្ឋបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា ពិព័រណ៍អាហារជនបទភូមិព្រះដាក់ នឹងប្រព្រឹត្តទៅក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសាកល ឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ ពោលគឺចាប់ពីថ្ងៃទី៣០ ៣១ ខែធ្នូ ២០២១ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នៅលើបណ្ដោយផ្លូវព្រះដាក់ ផ្លូវបំបែកអក្សរ T ដល់ផ្លូវបំបែកជា៤ ផ្លូវបេតុង។

ពិព័រណ៍នេះ នឹងមានស្ដង់អាហារចំនួន ១០០ស្ដង់ ចាប់ផ្ដើមពីម៉ោង ៨ព្រឹកដល់១០យប់ ហើយភ្ញៀវទេសចរ ក៏អាចទស្សនាតន្ត្រីស្គរដៃកម្សាន្ត ស្ដង់ធំសម្រាប់អង្គុយញ៉ាំអាហារ និងទីធ្លាចតយានយន្តគ្រប់គ្រាន់ តែនឹងត្រូវបានធ្វើឡើងដោយគោរពតាមវិធានសុវត្ថិភាពសុខាភិបាលយ៉ាងម៉ត់ចត់បំផុត។

ក្នុងគោលបំណងបង្កើតឱកាសរកប្រាក់ចំណូលសម្រាប់អ្នកភូមិ និងរុញច្រានចរន្តសេដ្ឋកិច្ចរបស់ស្រុកពីវិស័យទេសចរណ៍ឱ្យចាប់ផ្តើមមានដំណើរការឡើងវិញ រដ្ឋបាលស្រុកបន្ទាយស្រី នឹងសហការជាមួយបងប្អូនសហគមន៍ក្នុងភូមិព្រះដាក់ ដើម្បីរៀបចំកម្មវិធីម្ហូបអាហារជនបទនេះឡើង ដើម្បីផ្តល់ជាបទពិសោធថ្មីមួយដល់អ្នកទេសចរបានដើរលេងកម្សាន្តក្នុងភូមិ និងភ្លក់រសជាតិម្ហូបអាហារធ្វើដោយអ្នកភូមិផ្ទាល់ នៅលើទីតាំងដែលត្រូវបានរំពឹងទុកថាមានភាពងាយស្រួលក្នុងការរៀបចំ និងមានលក្ខណៈអំណោយផលពីអាកាសធាតុផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង