×

ស្ពានអាកាសថ្មី​មួយកន្លែង​ទៀត គ្រោងនឹង​សាងសង់​នៅ​ចំណុច​ភ្លើងស្តុប​ផ្សារស៊ិនជូរីផ្លាហ្សា

ភ្នំពេញ៖ ដោយសារការកកស្ទះចរាចរណ៍ស្ទេីររាល់ថ្ងៃនៅតំបន់ភ្លើងស្តុបផ្លូវលេខ២០០៤ កែងនៅផ្លូវហព័ន្ធរុស្ស៊ីនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យនោះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀត នៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សា ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវហព័ន្ធរុស្ស៊ី និងផ្លូវលេខ២០១១។

យោងតាមការឱ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចមចៅ បានស្ថាបបានច្រើនភាគរយហើយ និងបានដាក់ឱ្យដំណើរការផ្លូវមួយចំនួននៃស្ពានអាកាស និងផ្លូវក្រោមដីនេះហើយដែរ។ ស្ពានអាកាស និងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅ ក្រោយពីមានការដាក់ឱ្យដំណើរការផ្លូវមួយចំនួននៃស្ពាននេះ លំហូរចរាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវលេខ២០១១ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដែលតម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការសិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅចំណុចខាងលើ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ស្ពានអាកាសថ្មីមួយនេះគ្រោងនឹងបើកការដ្ឋានស្ថាបនា ក្រោយពីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅ។ នៅពេលការដោះស្រាយចរាចរណ៍នៅរង្វង់មូលចោមចៅបានល្អប្រសើរហើយ វាបែរមកកកស្ទះចរាចរណ៍ នៅចំណុចស្តុបផ្សារស៊ិនជូរីផ្លាហ្សា (ផ្លូវ២០០៤ កែងផ្លូវសហពន្ធរូស៊ី) ដែលតម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែធ្វើការសិក្សាដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀត៕

ដោយ៖ គន្ធ តារាវិឆ័យ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង