កូរ៉េខាត្បូង៖ ចាប់តាំងពីរឿង Squid Game បានផ្ទុះឡើងមក តួឯកស្រី Jung Ho Yeon កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងរហូតធ្វើឱ្យអាជីពសិល្បៈរបស់នាងរវល់ដកខ្លួនមិនរួចនោះទេ។
តារាស្រីវ័យ២៧ឆ្នាំរូបនេះ មានអាជីពជាអ្នកបង្ហាញម៉ូតលំដាប់អន្តរជាតិ ដែលជារឿយៗនាង តែងត្រូវបានអញ្ជើញឱ្យដើរម៉ូតនៅក្រៅប្រទេសជាមួយម៉ាកល្បីៗលើសាកលលោក។
រីឯកាលពីថ្ងៃទី១៧ ខែធ្នូ កន្លងទៅ Ho Yeon បានផ្តល់បទសម្ភាសថា ក្រោយពីរឿង Squid Game បានចាក់ផ្សាយមក នាងស្រកអស់៤គីឡូត្រឹមរយៈពេល១០ថ្ងៃ ដោយសារគ្មានពេលញ៉ាំអាហារឡើយ ព្រោះមមាញឹកនឹងការងារខ្លាំងពេក ដូចនេះសម្លៀកបំពាក់ដែលធ្លាប់តែស្លៀកត្រូវ ពេលនេះបានរលុងអស់គ្មានសល់ឡើយ។
គួរបញ្ជាក់ដែរថា តារាបង្ហាញម៉ូតលំដាប់អន្តរជាតិរូបនេះមានកម្ពស់ ១ម៉ែត្រ៧៦សង់ទីម៉ែត្រ និងទម្ងន់ ៤៩គីឡូក្រាម កាលពីមុន ប៉ុន្តែពេលនេះគីឡូនាងនៅសល់តែ ៤៥គីឡូក្រាមប៉ុណ្ណោះ។ ឃើញដូចនេះ អ្នកគាំទ្រជាច្រើនមានក្តីបារម្ភពីសុខភាពនាងជាខ្លាំង ដោយឃើញសភាពស្គមស្គាំងខ្លាំងដូចអ្នកជំងឺ ប៉ុន្តែអ្វីដែលពួកគេអាចធ្វើបានគឺមានតែក្រើនរំឭកឱ្យនាងថែសុខភាពឱ្យបានល្អប៉ុណ្ណោះ៕