×

ថែទាំ​សុខភាពផង! អាកាសធាតុ​នឹង​ចុះត្រជាក់​ជាងមុនទៀត​នៅ​កម្ពុជា​ក្នុងសប្ដាហ៍នេះ

ភ្នំពេញ៖ ក្នុងរយៈពេល១សប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងមានស្ថានភាពអាកាសធាតុ នឹងទទួលរងនូវឥទ្ធិពលអាកាសធាតុចំនួន២ ដែលធ្វើឱ្យអាកាសធាតុចុះត្រជាក់ជាបន្តទៀត ពិសេសនៅតំបន់វាលទំនាបកណ្ដាល និងតំបន់ជួរភ្នំ។

បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២២-២៦ ខែធ្នូ កម្ពុជា នឹងទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ខ្សោយ ដូចខាងក្រោម។ ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) គួបផ្សំនិងខ្យល់មូសុងឦសាន ក្នុងកម្រិតពីមធ្យមទៅខ្លាំង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C ហើយនៅថ្ងៃទី២៣-២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ នៅថ្ងៃទី២៧-២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់សាជាថ្មី លាយឡំខ្យល់បក់ក្នុងកម្រិតបង្គួរ ដែល ក្នុងនោះសីតុណ្ហភាពអំប្បបរមា មានពី ១៦-១៨ °C និងអតិបរិមាមានពី២៤-២៦ °C ។

ចំពោះបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C នៅថ្ងៃទី២៣-២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ នៅថ្ងៃទី២៧-២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ខ្លាំងសាជាថ្មី លាយឡំនិងខ្យល់បក់ក្នុងកម្រិតពី បង្គួរទៅខ្លាំង ដែលក្នុងនោះសីតុណ្ហភាពអប្បបរមាមានពី ១៥-១៧ °C និងអតិបរិមាមានពី២៤-២៦ °C។

រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C នៅថ្ងៃទី២៣-២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ នៅថ្ងៃទី២៧-២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់លាយឡំនិងខ្យល់បក់ក្នុងកម្រិតមធ្យម សីតុណ្ហភាពអប្បបរមាំមានពី១៧-១៩ °C និងអតិបរិមាមានពី២៦-២៨ °C ។ ទន្ទឹមនោះរលក សមុទ្រក៏មានកម្រិតមធ្យមផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង