កូរ៉េខាងត្បូង៖ គ្រាន់តែរឿង Snowdrop បានបង្ហាញវត្តមានតួអង្គជាតារាល្បីឈ្មោះ Blackpink Jisoo និងលោកJung Hae In ភ្លាម ភាពយន្តមួយនេះត្រូវបានរំពឹងថានឹងមានសន្ទុះនៃការគាំទ្រខ្លាំងមិនខាន សូម្បីតែម្ចាស់ផលិតផលជាច្រើនបានបុកសម្រុកទាក់ទងផ្សាយពាណិជ្ជកម្មរបស់ខ្លួនដោយសារយល់ឃើញថា តួសម្តែងក្នុងរឿងនេះគឺ Jisoo និង Jung Hae In ដូចនេះការផ្សាយពាណិជ្ជកម្មលើភាពយន្តមួយនេះនឹងធ្វើឱ្យផលិតផលរបស់ពួកគេទទួលបានជោគជ័យមិនខាន។
អ្វីៗបែរជាផ្ទុយស្រលះក្រោយរឿងមួយនេះបានចាក់ផ្សាយ ដោយសាច់រឿងបែរមានបញ្ហាចម្រូងចម្រាសនៃប្រវត្តិសាស្ត្រធ្វើឱ្យប្រជាជនកូរ៉េមិនអាចទទួលយកបាន ហើយនេះជាមូលហេតុចម្បងមួយធ្វើឱ្យម្ចាស់ឧបត្ថម្ភពាណិជ្ជកម្មតូចធំជាច្រើនសុំដកការឧបត្ថម្ភរបស់ពួកគេជាបន្តបន្ទាប់ត្រឹមភាគទី៣នៃរឿង Snowdrop ដែលជារឿងដំបូងគេរបស់ Jisoo សម្តែង។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានពាក្យចចាមអារ៉ាមថា រឿងមួយនេះអាចនឹងត្រូវដកចេញបញ្ឈប់ការចាក់ផ្សាយទាំងស្រុងតែម្តង៕