ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៦:០០នាទីព្រឹក អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជានឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានទីតាំងស្ថិតនៅអគារលេខ៦-៨ មហាវិថីព្រះនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីផ្លូវលេខ១១០ កែងមហាវិថី ព្រះនរោត្តម ដល់ផ្លូវលេខ១៣០ កែងមហាវិថីព្រះនរោត្តម) និងផ្លូវលេខ១១៨ (ចាប់ពីផ្លូវលេខ៥១ ដល់ផ្លូវ លេខ១៩) និងផ្លូវលេខ១២៦ (ចាប់ពីផ្លូវលេខ៥១ ដល់មហាវិថីព្រះនរោត្តម) នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។
អាជ្ញាធរ បានស្នើសុំការយោគយល់ អធ្យាស្រ័យរបស់ប្រជាពលរដ្ឋទាំងអស់។ នៅពេលផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕