×

បើឃើញ​រោគសញ្ញា​ទាំងនេះ​លើក្រចក បញ្ជាក់ថា​យើង​កំពុង​មាន​បញ្ហា​សុខភាព

វាជាការពិតណាស់ បញ្ហាកើតលើក្រចក អាចប្រាប់អំពីសុខភាពរបស់យើងបានពិតមែន។ បញ្ហាលើក្រចកនេះ អាចបណ្ដាលមកពីមានការបង្ករោគ ឬអាចជាផ្នែកមួយនៃបញ្ហារលាកស្បែក។ រោគសញ្ញាចម្បងមួយចំនួននៃការខូចក្រចក មានដូចជាបម្រែបម្រួលផ្នែកខាងក្រៅ មានដូចជាប្ដូរពណ៌ ខូចរូបរាង ក្រាស់ជាងមុន មានស្នាមឆ្នូតបណ្ដាយក្រចក ឬក្រចកស្រួយងាយបាក់។ មានករណីខ្លះទៀតក្រចកអាចមានស្នាមឡើងលឿង ស ខ្មៅ ឬពណ៌ត្នោត ចំណែកអ្នកខ្លះផ្សេងទៀត ក្រចកមានស្នាមឆ្នូតខ្មៅលេចឡើងក៏មាន។

១-តើបម្រែបម្រួលលើក្រចកប្រាប់យើងឱ្យដឹងអំពីអ្វីខ្លះ?

ភាគច្រើននៃបញ្ហាបម្រែបម្រួលក្រចក គឺបណ្ដាលមកពីការបង្ករោគដោយពពួកផ្សិត គេហៅវាថា onychomycosis។ រោគផ្សិតនេះអាចបង្កដោយពពួក dermatophytes (ពពួកផ្សិតត្រូវការជាតិកេរ៉ាទីនដើម្បីលូតលាស់) ឬពពួក Candida albicans។ បញ្ហាក្រចកឃើញច្រើនជាងគេមានដូចជា ក្រចកដុះកប់ ក្រចកបង្ករោគដោយពពួក Pseudomonas, psoriasis តាអក (eczema) lichen planus និង alopecia areata។ បម្រែបម្រួលផ្សេងទៀតលើក្រចក អាចបញ្ជាក់អំពីបញ្ហាកង្វះសារធាតុចិញ្ចឹម បញ្ហាថ្លើមនិងបញ្ហាតម្រងនោមជាដើម។ Acral melanoma គឺជាប្រភេទជំងឺមហារីកលើស្បែកមួយប្រភេទ ដែលវាលេចសញ្ញាជាស្នាមអុចខ្មៅ ឬបន្ទាត់ខ្មៅលើម្រាមដៃ និងក្រចក ជាពិសេសបើកើតលើគល់ក្រចក។

កត្តាប្រឈមធ្វើឱ្យកើតមេរោគផ្សិតលើក្រចកមានដូចជា ប្រព័ន្ធការពារក្នុងខ្លួនខ្សោយ មានជំងឺស្បែក ដូចជា atopic eczema ឬpsoriasis ជំងឺទឹកនោមផ្អែម ពាក់ស្បែកជើងយូរពេក ខ្វះសរសៃឈាមរត់ មជ្ឈដ្ឋានក្ដៅ ឬត្រជាក់ពេក ប្រើកន្សែងជូតខ្លួនរួមគ្នា ឬប្រើទូរដាក់សម្លៀកបំពាក់ចូលគ្នា។ Atopic eczema និង psoriasis គឺអាចហៅបានជាជំងឺហ្សែន។

២-តើគេព្យាបាលជំងឺក្រចកដូចម្ដេច?

Onychomycosis អាចព្យាបាលបានដោយប្រើប្រភេទថ្នាំលាប ដូចជាពពួក amorolfine lacquer និងថ្នាំព្យាបាលជំងឺជាប្រព័ន្ធមានដូចជា terbinafine, itraconazole and fluconazole (សម្រាប់ព្យាបាលមេរោគ Candida)។ យើងអាចប្រើវិធីវះកាត់យកក្រចកចេញ ក្នុងករណីដែលក្រចកឡើងក្រាស់ខ្លាំងពេក ឬមិនធូរស្រាលក្រោយប្រើថ្នាំ។ ប៉ុន្តែលទ្ធផលក្រោយវះកាត់ អាចនឹងមិនសក្ដិសមជាមួយអារម្មណ៍មិនពេញចិត្ដ ដោយសារការវះកាត់ក៏ថាបាន។ មានករណីខ្លះការប្រើប្រើកាំរស្មី ឬការព្យាបាលបែប photodynamic ក៏មានប្រើដែរ។ ប៉ុន្តែនៅមិនទាន់មានភស្ដុតាងគ្រប់គ្រាន់បង្ហាញពីប្រសិទ្ធភាពនៃការព្យាបាលមួយនេះ ដើម្បីទទួលបានសុវត្ថិភាពក្នុងការព្យាបាលនៅឡើយ។

បន្ទាប់ពីការព្យាបាល onychomycosis អ្នកត្រូវបន្តប្រើថ្នាំលាបសម្លាប់ពពួកផ្សិត (អាចជាប្រភេទគ្រីម ប្រេង ឬម្សៅ) ជែលសម្លាប់មេរោគ និងប្រើឧបករណ៍កាត់ និងកែលម្អក្រចកផ្ទាល់ខ្លួនរបស់យើង។ មួយវិញទៀតយើងត្រូវមានកន្ត្រៃយ៍កាត់ក្រចកពីរផ្សេងគ្នា មួយសម្រាប់កាត់ក្រចកមានមេរោគ និងមួយទៀតសម្រាប់កាត់ក្រចកធម្មតា។
យើងអាចព្យាបាលបញ្ហាក្រចកដុះកប់ដោយប្រើវិធី កាត់គែមក្រចកឱ្យត្រង់ស្មើ ដោយយកសំឡី បំពង់ជ័រ ឬដង្គៀបទាញគៀមក្រចកចេញពីក្នុងសាច់។ ប្រសិនបើវិធីនេះមិនបានផលទេ ប្រហែលជាត្រូវការការវះកាត់ហើយ។ ការប្រែរូបរាងក្រចកដោយសារការរលាក យើងត្រូវបែងចែកឲ្យបានច្បាស់។ ក្នុងករណីដែលគ្រូពេទ្យសង្ស័យថាជាប្រភេទ melanoma គ្រូពេទ្យនឹងសុំស្គែន និងប្រើវិធីវះកាត់ដើម្បីព្យាបាល។

៣-ធ្វើដូចម្ដេចដើម្បីការពារកុំឱ្យមេរោគផ្សិតកើតលើក្រចកម្ដងទៀត?

វិធីល្អបំផុតដើម្បីការពារក្រចកពីមេរោគផ្សិត គឺត្រូវកាត់ក្រចកឲ្យខ្លី សម្អាតឱ្យស្អាត និងស្ងួតជាប្រចាំ។ ចំពោះការថែទាំក្រចកជើងវិញ យើងត្រូវរើសស្បែកជើងដែលពាក់ត្រូវជាមួយជើងល្អ ហើយត្រូវប្ដូរស្រោមជើងចេញជារៀងរាល់ថ្ងៃ។ យើងមិនត្រូវពាក់ស្បែកជើងកែង និងស្បែកជើងរឹងម្រាមជើងនោះទេ។ មួយទៀតយើងត្រូវធ្វើឱ្យជើងស្ងួតជាប្រចាំ។ យើងអាចប្រើម្សៅសម្លាប់ពពួកផ្សិតដាក់ក្នុងស្បែកជើងបាន។ ចំពោះពេលងូតទឹកនៅកន្លែងផ្សេងក្រៅពីផ្ទះខ្លួនឯង ត្រូវពាក់ស្បែកជើងស្អាតនៅពេលងូតទឹក។
សម្រាប់មនុស្សមួយចំនួនការព្យាបាលមេរោគផ្សិតក្នុងក្រចក អាចមានការលំបាក ជាពិសេសនៅពេលដែលថ្នាំដែលពេទ្យផ្ដល់ឱ្យមិនមានប្រសិទ្ធភាព។ ដូចនេះយើងត្រូវទៅជួបគ្រូពេទ្យ ហើយធ្វើរោគវិនិច្ឆ័យឡើងវិញឱ្យបានច្បាស់ ជាជាងប្រើថ្នាំផ្ដេសផ្ដាស់ដោយយខ្លួនឯង។ មួយវិញទៀត អ្នកកើតជំងឺទឹកនោមផ្អែម គឺប្រឈមមុខខ្ពស់ជាមួយផលវិបាកធ្ងន់ធ្ងរបណ្ដាលមកពីការបង្ករោគ។ ដូចនេះត្រូវប្រុងប្រយ័ត្ន និងថែរក្សាសុខភាពខ្លួនឯងឱ្យបានខ្ជប់ខ្ជួន៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង