អង់គ្លេស៖ ក្រុមហ៊ុន AstraZeneca Plc បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនកំពុងធ្វើការជាមួយសាកលវិទ្យាល័យ Oxford ដើម្បីផលិតវ៉ាក់សាំងសម្រាប់វីរុសបំប្លែងខ្លួន អូមីក្រុង (Omicron) ដោយចូលរួមជាមួយអ្នកផលិតវ៉ាក់សាំងផ្សេងទៀតដែលចង់បង្កើតវ៉ាក់សាំងជាក់លាក់។
សេចក្ដីរាយការណ៍បានដកស្រង់សម្តីលោក Sandy Douglas ដែលជាអ្នកដឹកនាំក្រុមស្រាវជ្រាវនៅ Oxford ។ លោក Douglas បានឱ្យដឹងថា៖ “វ៉ាក់សាំងដែលមានមូលដ្ឋានលើ Adenovirus (ដូចជាវ៉ាក់សាំងដែលផលិតដោយ Oxford/AstraZeneca) ជាគោលការណ៍អាចត្រូវបានគេប្រើដើម្បីឆ្លើយតបទៅនឹងវ៉ារ្យ៉ង់ថ្មីណាមួយបានលឿនជាងអ្វីដែលគេអាចសម្រេចបានពីមុនមក”។
ការសិក្សាមន្ទីរពិសោធន៍ កាលពីសប្តាហ៍មុន បានរកឃើញថាថ្នាំ Evusheld ដែលផលិតដោយក្រុមហ៊ុន AstraZeneca អាចប្រឆាំងនឹងវីរុស អូមីក្រុង ។
ដោយឡែក ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer/BioNTech និង Moderna ក៏បាននិយាយថា ពួកគេកំពុងធ្វើការលើវ៉ាក់សាំងបង្ការវីរុសអូមីក្រុងផងដែរ។ តួយ៉ាង Moderna បាននិយាយថា ពួកកេសង្ឃឹមថានឹងចាប់ផ្តើមការសាកល្បងព្យាបាលនៅដើមឆ្នាំក្រោយ៕