×

ចង់បាន​ស្បែកស្អាត និង​សក់រឹងមាំ កុំរំលង​ផ្លែឈើ​ទាំងនេះ

ផ្លែឈើមិនត្រឹមតែល្អចំពោះសុខភាពប៉ុណ្ណោះទេ តែក៏អាចជួយចិញ្ចឹមបំប៉នស្បែក និងសក់របស់យើងផងដែរ។ ពិតណាស់ ផ្លែឈើមួយចំនួនមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារស្បែកពីការបំផ្លាញដោយកាំរស្មីUV បញ្ហាពណ៌ស្បែកមិនស៊ីគ្នា ស្នាមជ្រីវជ្រួញ ព្រមទាំងជួយឱ្យសក់រឹងមាំថែមទៀតផង។ ហេតុនេះហើយ គ្នាយើងគប្បីញ៉ាំផ្លែឈើមួយចំនួនខាងក្រោមជាប្រចាំ ដើម្បីទទួលបានសម្រស់កាន់តែទាក់ទាញ។

១. ផ្លែម្នាស់

ផ្លែម្នាស់ក៏ជាប្រភពនៃគ្រឿងផ្សំធម្មជាតិដែលជួយឱ្យស្បែកភ្លឺថ្លាដូចទៅនឹងពពួកផ្លែក្រូចដែរ។ ដើម្បីការពារស្បែកពីភាពចាស់ ស្រីៗយើងគប្បីញ៉ាំម្នាស់ជាទៀងទាត់ ពីព្រោះផ្លែឈើមួយប្រភេទនេះផ្ទុកសារធាតុចិញ្ចឹមជាច្រើនដូចជា ម៉ាញេស្យូម វីតាមីនB វីតាមីនC និងផូស្វ័រ ព្រមទាំងជាតិសរសៃ ដែលអាចជួយទ្រទ្រង់សុខភាពបេះដូង ខួរក្បាល ប្រព័ន្ធភាពស៊ាំ និងឆ្អឹង។

២. ផ្លែក្រូច

ដូចគ្នានេះដែរ ផ្លែក្រូចអាចជួយជំរុញការផលិតជាតិខូឡាជែនក្នុងរាងកាយបែបធម្មជាតិ ដែលអាចរក្សាភាពយឺតនៃស្បែក និងជួយឱ្យស្បែករបស់យើងក្មេងជាងវ័យ។ បន្ថែមពីនេះ ផ្លែក្រូចផ្ទុកវីតាមីនC ដែលមានសមត្ថភាពក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ។

៣. ឪឡឹក

ផ្លែឪឡឹកផ្ទុកជាតិទឹករហូតដល់៩០% ដែលមានគុណប្រយោជន៍ជួយឱ្យស្បែកមើលទៅក្មេងជាងវ័យ និងស្រស់ថ្លា។ លើសពីនេះ ឪឡឹកក៏ផ្ទុកទៅដោយសារធាតុLycopene ដែលជួយការពារស្បែកពីការបំផ្លាញដោយកាំរស្មីUV។

៤. ផ្លែទទឹម

ចំណែកផ្លែទទឹមសម្បូរទៅដោយជាតិខូឡាជែន ដែលជួយឱ្យស្បែកមើលទៅក្មេងជាងវ័យ។ ពិសេសជាងនេះទៅទៀត ផ្លែឈើមួយប្រភេទនេះក៏ជួយទប់ស្កាត់បញ្ហាកើតមុន ក៏ដូចជាបំពេញជាតិទឹកនៃស្បែក។ ដូចនេះ គ្នាយើងគប្បីញ៉ាំទឹកទទឹម ដើម្បីបង្កើនសមត្ថភាពក្នុងការរក្សាជាតិខូឡាជែនក្នុងរាងកាយ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង