ថៃ៖ ក្រសួងសុខាភិបាលថៃ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ ដល់បុគ្គលិកពេទ្យ មន្ត្រីសុខាភិបាលសាធារណៈជួរមុខ និងប្រជាពលរដ្ឋដែលមានប្រព័ន្ធភាពស៊ាំទាប។
អនុគណៈកម្មការមួយ ដែលដឹកនាំដោយប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង លោកវេជ្ជបណ្ឌិត Opas Kankawinpong បានប្រកាសឱ្យដឹងដូច្នេះ កាលពីថ្ងៃពុធ ទី២២ ខែធ្នូ លើតម្រូវការសម្រាប់វ៉ាក់សាំងដូសជំរុញ។
លោកបានឱ្យដឹងថា អ្នកដែលគួរចាក់ដូសទី៤ នៅពេលនេះ គឺជាបុគ្គលិកពេទ្យ និងអ្នកដែលមានស្ថានភាពសុខភាពភាពស៊ាំទាប។ លោកបាននិយាយថា អ្នកដែលបានទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) គួរតែទទួលបានវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ឬ ហ្វាយហ្ស័រ (Pfizer) សម្រាប់ការចាក់ដូសទី៣ និងទទួលវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងទាំងពីរ សម្រាប់ដូសទី៤។
ហើយអ្នកដែលទទួលបានថ្នាំបង្ការរបស់ Pfizer ដូសទី៣ គួរតែចាក់វ៉ាក់សាំងដូចគ្នា សម្រាប់ដូសទី៤៕