×

Liverpool បន្តឡើង​វគ្គ៤ក្រុម​ចុងក្រោយ​ពានរង្វាន់ EFL Cup ក្រោយ​ទម្លាក់ Leicester City ដោយ​ការទាត់បាល់​១១ម៉ែត្រ កាត់សេចក្តី

ក្រុម Liverpool បានយកឈ្នះក្រុម Leicester City ដោយការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ៥-៤ ក្រោយស្មើគ្នានៅម៉ោងធម្មតា ៣-៣ នៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ EFL Cup វគ្គ៨ក្រុមចុងក្រោយកាលពីយប់មិញ។

ស្ថិតិក្នុងការប្រកួតនាទីលាន Anfield នេះ ក្រុមរបស់លោក Jurgen Klopp អាចគ្រប់គ្រងស្ថានការណ៍៦៦ភាគរយមានឱកាសស៊ុតបាល់២២ដង ខណៈក្រុមរបស់លោក Brendan Rodgers មានឱកាសស៊ុតបាល់តែ៨ដង។ ទោះយ៉ាងណាការប្រកួតដំណើរការបានតែ៩នាទី ខ្សែប្រយុទ្ធ Jamie Vardy បានស៊ុតគ្រាប់បើកឆាកឱ្យក្រុម Leicester City នាំមុខមុនទៅវិញ។ នាទី១៣ Jamie Vardy ដដែលបានបន្ថែមគ្រាប់នាំមុខទី២ទៀត។ នាទី១៩ កីឡាករ Oxlade-Chamberlain បានតាមសង១គ្រាប់ឱ្យ Liverpool តែនាទី៣៨ មុនចប់វគ្គទី១ Leicester City បានបង្កើនការនាំមុខគ្រាប់ទី៣ ដោយបាល់បញ្ចូលទីរបស់ខ្សែបម្រើ James Maddison។
រីឯក្រុម Liverpool វិញ អាចរកបានគ្រាប់បាល់ទី២របស់ខ្លួន នៅនាទី៦៨នៃវគ្គទី២ ដោយការសម្រេចទីរបស់ខ្សែប្រយុទ្ធ Diogo Jota ហើយដល់ចុងម៉ោង នាទី៩០+៥ ទើបខ្សែបម្រើជប៉ុន Takumi Minamino បានរកគ្រាប់បាល់តាមស្មើឱ្យក្រុមហង្សក្រហមបានសម្រេច។

លទ្ធផលនេះ បានឈានដល់ការទាត់បាល់កាត់សេចក្តី ដោយក្នុងនោះ Liverpool ធ្វើបាន៥គ្រាប់ ខណៈ Leicester City ធ្វើបាន៤គ្រាប់ ដែលធ្វើឱ្យជ័យជម្នះបានធ្លាក់ទៅលើ Liverpool តែម្តង។

រីឯលទ្ធផលគូទៀតក្នុងវគ្គ៨ក្រុមចុងក្រោយនេះដែរគឺ Chelsea ឈ្នះ Brentford ២-០ ហើយ Tottenham Hotspur យកឈ្នះ West Ham United ២-១ ខណៈ Arsenal ជាក្រុមដំបូងគេដែលឈ្នះការប្រកួតវគ្គ៨ក្រុមចុងក្រោយនេះគឺឈ្នះក្រុម Sunderland ៥-១។

ដូច្នេះ ការឡើងទៅវគ្គ៤ក្រុមចុងក្រោយ ក៏បានរកឃើញក្រុមដែលត្រូវផ្គូផ្គងប្រកួតជាមួយគ្នាដែរ គឺ Liverpool ត្រូវប៉ះ Arsenal ហើយ Tottenham Hotspur ត្រូវប៉ះ Chelsea ដោយការប្រកួតជើងទី១ ធ្វើឡើងនៅថ្ងៃទី៥ ខែមករា ហើយជើងទី២ធ្វើឡើងនៅថ្ងៃទី១២ ខែមករា។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង