×

ក្រសួងទេសចរណ៍​អំពាវនាវ​ដល់​ម្ចាស់​ទីតាំង​ស្នាក់នៅ អាហារដ្ឋាន កុំដំឡើង​នៅ​ថ្ងៃសិស្ស​ប្រឡងបាក់ឌុប

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានធ្វើការអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ ជាពិសេសប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួលផ្តល់កន្លែង កុំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្ម ចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នាពេលខាងមុខនេះ។

ការអំពាវនាវនេះ ធ្វើឡើងស្របទៅតាមការជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានបញ្ជាក់ថា នៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ក្រសួងអប់រំនឹងរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ហើយអនុរក្ស និងសិស្សានុសិស្ស អាចនឹងចាំបាច់ត្រូវបម្លាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗ ដែលឆ្ងាយពីទីលំនៅបច្ចុប្បន្ន ដើម្បីចូលរួមការប្រឡងនេះ។

សូមជម្រាបថា ក្នុងឆ្នាំសិក្សា ២០២០-២០២១ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤.១៨៣ នាក់ ស្រី ៦០.៣៩៧ នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពី វិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤.៦១៦ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ។ វិញ្ញាសា ប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម និងមាន ៧មុខវិជ្ជា ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរគឺ ទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដែលត្រូវចែកជូនបេក្ខជន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង