×

រដ្ឋបាល​ចំណី​អាហារ​និង​ឱសថអាមេរិក អនុញ្ញាត​ឱ្យប្រើ​ថ្នាំគ្រាប់ Molnupiravir សម្រាប់​ព្យាបាល​កូវីដ១៩

អាមេរិក៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ បានអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុន Merck សម្រាប់មនុស្សពេញវ័យដែលមានហានិភ័យខ្ពស់។

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានឱ្យដឹងថា ការអនុញ្ញាតនេះ ផ្តល់នូវជម្រើសព្យាបាលបន្ថែមប្រឆាំងនឹងមេរោគកូវីដ១៩ ក្នុងទម្រង់ជាថ្នាំគ្រាប់ដែលព្យាបាលដោយការលេប។

ថ្នាំគ្រាប់ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Merck ដែលត្រូវបានគេស្គាល់ថាជា MSD ត្រូវបានគេប្រើប្រាស់ក្នុងរយៈពេល ៥ថ្ងៃបន្ទាប់ពីការចាប់ផ្តើមមានរោគសញ្ញា ហើយត្រូវបានបង្ហាញពីការកាត់បន្ថយការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ ក្នុងអត្រា ៣០ភាគរយក្នុងចំណោមអ្នកដែលមានហានិភ័យ។

ការអនុញ្ញាតនេះ បានកើតឡើងបន្ទាប់ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក កាលពីថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ បានអនុញ្ញាតឱ្យមានការប្រើប្រាស់ថ្នាំគ្រាប់របស់ក្រុមហ៊ុនហ្វាយហ្ស័រ (Pfizer) សម្រាប់អ្នកដែលមានហានិភ័យខ្ពស់ដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ។

FDA បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ទាំងថ្នាំ Pfizer និង Merck ដើរតួនាទីជាការបំពេញបន្ថែមទៅលើការចាក់ជំនួសវ៉ាក់សាំង ដែលនៅតែជាឧបករណ៍ជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគនេះ។

ខណៈពេលដែលការព្យាបាលទាំងពីរ ត្រូវបានគេរកឃើញថាមានសុវត្ថិភាពនៅក្នុងការសាកល្បងព្យាបាល ក្តីកង្វល់ ត្រូវបានលើកឡើងអំពីថ្នាំគ្រាប់របស់ក្រុមហ៊ុន Merck ដែលហៅថា Molnupiravir។

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក មិនបានអនុញ្ញាតឱ្យប្រើថ្នាំរបស់ Merck សម្រាប់មនុស្សអាយុ ក្រោម១៨ឆ្នាំទេ ព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់ឆ្អឹង និង ឆ្អឹងខ្ចី។ វាមិនត្រូវបានណែនាំឱ្យប្រើចំពោះស្ត្រីមានផ្ទៃពោះផងដែរ ដោយសារតែអាចបង្កគ្រោះថ្នាក់ដល់ទារក ប៉ុន្តែគ្រូពេទ្យនៅតែអាចសម្រេចថាតើអត្ថប្រយោជន៍មានលើសពីហានិភ័យក្នុងករណីនីមួយៗឬអត់។

សូមជម្រាបថា ថ្នាំគ្រាប់របស់ក្រុមហ៊ុន Merck មានឈ្មោះថា Molnupiravir ខណៈថ្នាំគ្រាប់របស់ Pfizer មានឈ្មោះថា Paxlovid សុទ្ធតែទទួលការអនុញ្ញាតឱ្យប្រើប្រាស់ពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង