ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សការពារសត្វព្រៃកម្ពុជា បានធ្វើការដោះអន្ទាក់ ដែលជនខិលខូចបានលួចដាក់រាប់ម៉ឺន នៅក្នុងព្រៃទូទាំងប្រទេសកម្ពុជា ដែលអន្ទាក់ត្រូវកម្ទេចចោល ឬរក្សាទុកមិនអាចប្រើការបានឡើយ ប៉ុន្តែយុវតីម្នាក់ បានផ្ដួចផ្ដើមគំនិតមួយ នៅក្នុងការច្នៃប្រឌិតវាឱ្យទៅជារបស់ដែលមានប្រយោជន៍។
ដើម្បីកែច្នៃពីវត្ថុដែលបង្កគ្រោះថ្នាក់ដល់សត្វព្រៃឱ្យទៅជារបស់ដែលផ្ដល់នូវអត្ថប្រយោជន៍ថ្មីវិញ យុវតីម្នាក់ បានធ្វើការកែច្នៃអន្ទាក់សត្វព្រៃដែលរឹបអូសបាន ឱ្យទៅជាខ្សែដៃសម្រាប់លក់ប្រមូលថវិកាសម្រាប់យកទៅជួយគាំទ្រដល់ការថែទាំសត្វព្រៃ។
បើយោងតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងដូច្នេះថា ខ្សែដៃអន្ទាក់សត្វនេះ ត្រូវបានច្នៃម៉ូដ ដោយកញ្ញា តុង កន្និកា ដែលធ្វើចេញពី អន្ទាក់សត្វដែលដោះយកចេញពីក្នុង ព្រៃនៅក្នុងប្រទេសកម្ពុជា ដោយមន្ត្រីឧទ្យានុរក្សការពារសត្វព្រៃ។
ចំណែកប្រាក់ចំណូលទាំងអស់ ដែលបានមកពីការលក់ខ្សែដៃអន្ទាក់សត្វ នឹងត្រូវបង្វែរទៅគាំទ្រដល់ការមើលថែទាំសត្វដែលត្រូវបានជួយសង្គ្រោះ និងកំពុងថែទាំ នៅមជ្ឈមណ្ឌលសង្គ្រោះសត្វ ព្រៃភ្នំតាម៉ៅ។ ដើម្បីបញ្ជាទិញ លោកអ្នកអាចផ្ញើសារតាមរយៈតេឡេក្រាម (+855) 95 970 175 ៕