×

ក្រសួង​ជូនដំណឹង​ពី​ការបើកប្រាក់​ឧបត្ថម្ភ​ជូន​កម្មករ​និយោជិត​ព្យួរកិច្ចកិច្ចសន្យា​ការងារ នៅ៤៦រោងចក្រ​សហគ្រាស​ក្នុងខេត្តចំនួន៤

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៣ខែធ្នូ ជូនដំណឹងដល់បងប្អូនកម្មករនិយោជិតចំនួន ៣.៤០៩នាក់ នៅរោងចក្រ សហគ្រាសចំនួន៤៦ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទដែលបងប្អូនបានផ្តល់មកឱ្យ ក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។

ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖ ៦០.៧៥០រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ, ១២១.៥០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ, និង១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។

ធនាគារ វីង (ខេមបូឌា) ម.ក នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារ វីង (ខេមបូឌា) ម.ក។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។ សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវឹងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។

ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាសទាំង៤៦នេះ មិនបានទទួលសារ ទូរសព្ទពីធនាគារ វីង (ខេមបូឌា) ម.ក នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង