ជប៉ុន៖ លោកតា Ryuji Urabe ដែលមានវ័យ៩៣ឆ្នាំទៅហើយធ្លាប់ជាអ្នករត់តាក់ស៊ីម្នាក់នៅទីក្រុងតូក្យូ និងបានចូលនិវត្តន៍ក្នុងវ័យប្រមាណ ៨០ឆ្នាំ។
លោកតាបានចំណាយពេលវេលាពេញមួយជីវិតជាមួយរថយន្ត ដែលនេះជាក្តីសុខដែលលោកមាន ប៉ុន្តែក្រោយចូលនិវត្តន៍ លោកបានត្រឹមគេងមួយកន្លែងមិនមានអ្វីធ្វើដូចកាលពីក្មេងមានកម្លាំងឡើយ។
ដោយសារមិនចង់ឃើញជីតារបស់ខ្លួនគេងតែមួយកន្លែងបែបនេះ ចៅប្រុសរបស់លោកក៏បានដំឡើងហ្គេមប្រណាំងឡាននៅផ្ទះមួយឈុតសម្រាប់គាត់កម្សាន្ត។ Koutarou Yamamoto គឺជាចៅប្រុសម្នាក់ដែលបានរស់នៅជាមួយលោកតា Urabe តាំងពីក្មេងរហូតមកទល់ពេលនេះបានឱ្យដឹងថា តាំងពីលោកតាចាប់ផ្តើមលេងហ្គេមប្រណាំងឡាននេះមក គាត់ហាក់មានភាពសកម្មជាងមុន បើទោះជាវាគ្រាន់តែជាហ្គេមក៏ពិតមែន ប៉ុន្តែវាពិតជាអាចជួយលោកតាបានច្រើន។
Yamamoto បានបន្ថែមទៀតថា លោកបានថតជាវីដេអូខណៈពេលលោកតារបស់លោកលេងហ្គេម និងបានដាក់នៅគណនីយូធូបរបស់លោកដោយវីដេអូខ្លះមានអ្នកចូលទស្សនារហូតដល់ជាង៣លានដងឯណោះ និងមានវីដេអូជាច្រើនទៀតសុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍មានអ្នកចូលទស្សនាជាបន្តបន្ទាប់ផងដែរ។ ចង់ដឹងថា លោកតាវ័យ៩៣ឆ្នាំមានភាពរហ័សរហួនជាមួយហ្គេមប្រណាំងឡាននេះប៉ុណ្ណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕