×

FDA អាមេរិក​អនុម័ត​ឱ្យប្រើថ្នាំ​ចាក់បង្ការ​វីរុស HIV គ្រោង​ចេញ​នៅឆ្នាំ២០២២

រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក (FDA) កាលពីថ្ងៃចន្ទកន្លងទៅបានអនុម័តឱ្យប្រើប្រាស់ថ្នាំចាក់បង្ការការឆ្លងវីរុស HIV ជំនួសឱ្យការប្រើប្រាស់ថ្នាំលេបប្រចាំថ្ងៃ។

ថ្នាំប្រភេទចាក់នេះ អាចត្រូវគ្រូពេទ្យអនុញ្ញាតឱ្យចាក់បានសម្រាប់តែអ្នកតេស្ដអវិជ្ជមានវីរុស HIV ប៉ុណ្ណោះ។ FDA អាមេរិកសង្ឃឹមថាការចេញឱ្យប្រើប្រាស់ថ្នាំចាក់នេះ នឹងកាត់បន្ថយការឆ្លងវីរុស HIV នៅសហរដ្ឋអាមេរិក។

ថ្នាំចាក់នេះ បើតាម FDA ត្រូវចាក់ដំបូងចំនួនពីរដូស ដោយរំលងពេលមួយខែពីគ្នា និងក្រោយៗមកទៀតត្រូវចាក់រាល់ពីរខែម្ដង។ ដោយកាលកន្លងមកអ្នកប្រឈមហានិភ័យខ្ពស់ក្នុងការឆ្លងវីរុស HIV បានប្រើប្រាស់ថ្នាំលេបប្រចាំថ្ងៃ ដែលការប្រើប្រាស់ថ្នាំលេបនេះ មន្ត្រីសុខាភិបាលថាជាការពិបាកមួយ។

ថ្នាំចាក់នេះ អាចនឹងត្រូវចេញឱ្យប្រើប្រាស់នៅដើមឆ្នាំ២០២២ និងតម្លៃវិញប្រហែល ៣ ៧០០ដុល្លារក្នុងមួយដូស។ ចំពោះប្រសិទ្ធភាពវិញអាចមានចន្លោះពី ៦៩ភាគរយ ទៅដល់ជាង ៩០ភាគរយ អាស្រ័យលើប្រភេទនៃបុគ្គលដែលងាយប្រឈមនឹងវីរុស HIV ដូចជាបុរសរួមភេទជាមួយបុរស ជាដើម។

ថ្នាំចាក់នេះ អាចមានផលរំខានមួយចំនួនដូចជាឈឺក្បាល ឈឺសាច់ដុំតិចតួច អស់កម្លាំង ឈឺខ្នង និងឡើងរមាស់ជាដើម៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង