×

សត្វស្លាប​៣ប្រភេទ និង​ទោចមកុដ១គូ​បន្ថែមទៀត ត្រូវបាន​ព្រលែង​ចូល​ទៅក្នុង​ព្រៃធម្មជាតិ​នៃ​ឧទ្យានអង្គរ

សៀមរាប៖ សត្វស្លាបចំនួន ៣ប្រភេទ ស្មើនឹង ១៨ក្បាល រួមនឹងសត្វទោចមកុដ ១គូ ត្រូវព្រលែងឱ្យទៅរស់នៅក្នុងព្រៃធម្មជាតិ នៃឧទ្យានអង្គរវិញ បន្ទាប់ពីសត្វព្រៃទាំងអស់នេះ ទទួលបានជាអំណោយពីអង្គការអភិរក្សសត្វព្រៃនានា និងប្រជាពលរដ្ឋ បានយកមកផ្សាំងក្នុងទ្រុងអស់រយៈពេលជាច្រើនខែមក។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានព្រៃឈើ ទេសភាព និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សត្វស្លាបទាំង៣ប្រភេទ មានចំនួន ១៨ក្បាល ក្នុងនោះ ១៤ក្បាល បានមកពីគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ដែលធ្វើឡើងក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance។ សត្វទាំង១៤ក្បាលរួមមាន សត្វក្ងោក(Peafowl)ចំនួន ៤ក្បាល សត្វកេងកងធំ(Great Hornbill) ចំនួន ៦ក្បាល និងសត្វព្វាំង(Wreathed Hornbill) ចំនួន ៤ក្បាល ដែលទទួលបានជាអំណោយពីអង្គការអភិរក្សសត្វព្រៃនានា និងប្រជាពលរដ្ឋ បានយកមកផ្សាំងក្នុងទ្រុងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ ចំណែកសត្វទោចមកុដ ១គូ (Pileated Gibbon) ដែលជាគូចុងក្រោយ និងបានយកមកផ្សាំងក្នុងទ្រុង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ក៏ត្រូវបានដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរដែរ។ ក្នុងពេលជាមួយគ្នានោះ អង្គការ ACCB ក្រោមការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា និងអង្គការ Wildlife Alliance ក៏បាននាំយកសត្វក្ងោកចំនួន ៤ក្បាល ដោះលែងក្នុងពេលនោះដែរ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៣ គម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ(Pileated Gibbon) ចំនួន ១៣ក្បាល(កើតកូនបានចំនួន ៧ក្បាល) សត្វឈ្លូស(Red Muntjac)ចំនួន ៤ក្បាល សត្វស្វាព្រាម(Silvered Langurs) ចំនួន ១២ក្បាល សត្វសំពោចក្រអូប(Common palm Civets) ចំនួន ៥ក្បាល សត្វភេខ្លួនរលោង(Smooth-coated Otter) ចំនួន ៥ក្បាល(កើតកូនបានចំនួន ២ក្បាល) សត្វឆ្មារដាវ(Leopard Cat) ចំនួន ២ក្បាល និងសត្វកេងកងតូច(Oriental Pied Hornbill) ចំនួន ៧ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត ដែលមកដល់បច្ចុប្បន្នសត្វទាំងអស់នេះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារអភិរក្ស។

លោក ជូ រ៉ាឌីណា បញ្ជាក់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ថា ដើម្បីឱ្យសត្វព្រៃទាំងអស់បន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ អំពាវនាវដល់សាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ត្រូវចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងកុំផ្តល់ចំណីឱ្យសត្វទាំងនោះ ដែលនឹងធ្វើឱ្យពួកសត្វទាំងនោះវាសមទៅនឹងមនុស្ស អាចបង្កការគ្រោះថ្នាក់ដល់ទាំងអស់នោះ៕

 

អត្ថបទ៖ ជា ស្រស់

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង