ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ នៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
ក្រសួងអប់រំ បានបញ្ជាក់ថា បេក្ខជនដែលមានបញ្ហាសុខភាព ដោយសារមានអាការវិលមុខ ខ្យល់គរ ក្អួត ជាដើម បានទទួលការជួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡងរបស់ខ្លួន ដើម្បីអាចត្រឡប់ចូលរួមបន្តការប្រឡងបាន។ ដោយឡែកគណៈមេប្រយោគ និងក្រុមគ្រូពេទ្យក៏បានជួយសម្របសម្រួល ដើម្បីជួយដល់បេក្ខជនមួយរូបដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បីអាចចូលរួមប្រឡងបានផងដែរ។
សូមជម្រាបថា ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គិសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ៕