ផ្លែប៉ោមគឺផ្លែឈើពេញនិយម និងសំបូរដោយសារធាតុចិញ្ចឹមដែលផ្តល់ប្រយោជន៍ច្រើនដល់សុខភាពដូចជាសុខភាពបេះដូង សុខភាពឆ្អឹង និងសុខភាពពោះវៀនជាដើម។
សារធាតុចិញ្ចឹមនៅក្នុងផ្លែប៉ោម
ផ្លែប៉ោម១៨២ក្រាមផ្តល់នូវ៖
• កាឡូរី៖ ៩៥កាឡូរី
• កាបូអ៊ីដ្រាត៖ ២៥ក្រាម
• ជាតិសរសៃ៖ ៤ក្រាម
• វីតាមីន C៖ ១៤%នៃកម្រិតត្រូវការប្រចាំថ្ងៃ
• ប៉ូតាស្យូម៖ ៦%នៃកម្រិតត្រូវការប្រចាំថ្ងៃ
• វីតាមីន K៖ ៥%នៃកម្រិតត្រូវការប្រចាំថ្ងៃ
ក្រៅពីនេះនៅមានវីតាមីន A E B1 B2 និងB6ដែលមានពី២ទៅ៤%នៃកម្រិតត្រូវការប្រចាំថ្ងៃ។
អត្ថប្រយោជន៍នៃផ្លែប៉ោម
សម្រកទម្ងន់
ផ្លែប៉ោមសំបូរដោយជាតិទឹក និងជាតិសរសៃដែលជួយឱ្យឆាប់ឆ្អែត។
ការសិក្សាមួយបានឱ្យដឹងថាអ្នកញ៉ាំផ្លែប៉ោមមុនញ៉ាំអាហារធ្វើឱ្យអ្នកទាំងនោះញ៉ាំកាឡូរីតិចជាងមុនរហូតដល់២០០កាឡូរី។ ការសិក្សាមួយទៀតមានស្ត្រីលើសទម្ងន់៥០នាក់ចូលរួម និងបានញ៉ាំផ្លែប៉ោមរយៈពេល១០សប្ដាហ៍ឃើញថាស្រ្តីទាំងនោះស្រក១គីឡូ និងញ៉ាំកាឡូរីតិចជាងមុន។ បន្ថែមពីនេះទៀត សារធាតុផ្សេងទៀតក្នុងផ្លែប៉ោមជួយដល់ការសម្រកទម្ងន់។
សុខភាពបេះដូង
ផ្លែប៉ោមអាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូង។ មូលហេតុគឺដោយសារផ្លែប៉ោមមានជាតិសរសៃរលាយដែលអាចបញ្ចុះកម្រិតកូលេស្តេរ៉ូលក្នុងឈាមបាន។ ម៉្យាងទៀត ផ្លែប៉ោមក៏មានផ្ទុកសារធាតុ polyphenols ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយភាគច្រើនមាននៅក្នុងសំបកផ្លែប៉ោម។ សារធាតុមួយក្នុងចំណោម polyphenol គឺសារធាតុ flavonoid ម្យ៉ាងឈ្មោះepicatechin អាចជួយបញ្ចុះសម្ពាធឈាម។
ការសិក្សាជាច្រើនបានបង្ហាញថាការញ៉ាំសារធាតុ flavonoid ច្រើនអាចកាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល២០%។ សារធាតុ flavonoid នេះក៏អាចជួយការពារជំងឺបេះដូងដោយបញ្ចុះសម្ពាធឈាម បន្ថយខ្លាញ់អាក្រក់ LDL និងដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម។
ជំងឺទឹកនោមផ្អែម
ការសិក្សាដ៏ធំមួយបានលើកឡើងថាការញ៉ាំផ្លែប៉ោមមួយផ្លែមួយថ្ងៃអាចកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ២បានរហូតដល់២៨% បើធៀបនឹងអ្នកមិនញ៉ាំផ្លែប៉ោមសោះ។ ទោះបីជាញ៉ាំផ្លែប៉ោមត្រឹមតែមួយទៅពីរផ្លែក្នុងមួយសប្ដាហ៍ក៏មានប្រសិទ្ធភាពដែរ។ នេះអាចមកពីសារធាតុ polyphenol នៅក្នុងផ្លែប៉ោមអាចបង្ការការខូចខាតជាលិកា ឬកោសិកា Beta នៅក្នុងលំពែង។ កោសិកា Beta ផលិតអរម៉ូនអាំងស៊ុយលីនសម្រាប់រាងកាយ និងភាគច្រើនអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២មានការខូចខាតកោសិកា Beta នេះ។
សុខភាពពោះវៀន
ផ្លែប៉ោមមានផ្ទុកសារធាតុ pectin ដែលជាជាតិសរសៃមួយប្រភេទ និងដើរតួជា prebiotic។ សារធាតុនេះអាចជួយដល់បាក់តេរីល្អនៅក្នុងពោះវៀន។ ពោះវៀនតូចមិនស្រូបយកជាតិសរសៃអំឡុងពេលរំលាយអាហារទេ។ ដូចនេះជាតិសរសៃនេះនឹងទៅពោះវៀនធំដែលជួយដល់ការលូតលាស់បាក់តេរីល្អ។
ជំងឺហឺត
ផ្លែប៉ោមសំបូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារសួតពីការខូចខាតបង្កដោយអាការៈ oxidative stress។ ការសិក្សាមានស្ត្រីចូលរួម ៦៨ ០០០នាក់រកឃើញថាអ្នកដែលញ៉ាំផ្លែប៉ោមច្រើនមានហានិភ័យទាបលើការកើតជំងឺហឺត។ សំបកផ្លែប៉ោមផ្ទុកសារធាតុ flavonoid ឈ្មោះ quercetin អាចជួយដល់ប្រព័ន្ធភាពស៊ាំ និងបន្ថយការរលាកដែលអាចមានផលប៉ះពាល់ដល់ជំងឺហឺត និងអាលែកហ្សី។
សុខភាពឆ្អឹង
ការញ៉ាំផ្លែឈើអាចជួយដល់សុខភាពឆ្អឹង។ អ្នកស្រាវជ្រាវជឿថា សារធាតុប្រឆាំងអុកស៊ីតកម្ម និង សារធាតុប្រឆាំងរលាក ដែលមាននៅក្នុង ផ្លែឈើ អាចនឹងជួយបង្កើនកំហាប់ឆ្អឹង និងធ្វើឱ្យឆ្អឹងរឹងមាំ។ ការសិក្សាជាច្រើនបង្ហាញថាផ្លែប៉ោមមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពឆ្អឹង៕
ប្រភព៖ Hellokrupet