×

ក្រុមហ៊ុន​រថយន្ត​ដ៏ល្បី​របស់​ជប៉ុន Toyota កំពុង​ស្នើសុំ​បើករោងចក្រ​ផលិត​គ្រឿងបង្គុំ​នៅ​កម្ពុជា

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានជម្រាបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថា ក្រុមហ៊ុនរថយន្តដ៏ល្បីរបស់ជប៉ុន Toyota កំពុងស្នើសុំបើករោងចក្រផលិតគ្រឿងបង្គុំនៅកម្ពុជា ខណៈក្រុមហ៊ុនផលិតអគ្គិសនីដើរដោយព្រះអាទិត្យ ក៏កំពុងស្នើរសុំបើករោងចក្រនៅកម្ពុជា។ នេះបើយោងតាមជំនូបពិភាក្សាការងារ រវាង លោក មិកាមិ ម៉ាស្សាហិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបនោះ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរអំពី ការគាំទ្ររបស់ជប៉ុនធ្វើយ៉ាងណាជំរុញកំពង់ផែខេត្តព្រះសីហនុឱ្យទៅជាកំពង់ផែស្នូលរបស់ប្រទេសកម្ពុជា។

ក្រៅពីនេះ លោកឯកអគ្គរាជទូត បានជម្រាបជូនសម្ដេចតេជោអំពី លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលនៅក្នុងនោះមានដូចជា វិស័យសុខាភិបាល ដែលជប៉ុនបានផ្ដល់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ចំនួន ៣០ម៉ឺនដូស កន្លងទៅដល់កម្ពុជា ហើយនឹងត្រៀមផ្ដល់ជំនួយដល់កម្ពុជា ដែលចុះហត្ថលេខានាពេលខាងមុខ មានទឹកប្រាក់ប្រមាណ ១៥៥លានដុល្លារ។

ចំពោះវិស័យការពារជាតិវិញ លោកឯកអគ្គរាជទូត បានគោរពជម្រាបជូនសម្ដេចតេជោថា ឆ្នាំ២០២២ ជាខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព PKO (peace keeping operation ) ហើយជប៉ុន នឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹកមកចូលចតនៅកម្ពុជា ព្រមទាំងអញ្ជើញ លោក ហ៊ុន ម៉ាណែត ដើម្បីធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន ផងដែរ។

រីឯកិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើផ្នែកអាស៊ាន លោកអគ្គរាជទូតជប៉ុនបានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ជប៉ុនបានផ្ដល់រថយន្តមួយចំនួនដល់ក្រសួងការបរទេសកម្ពុជា និងសម្ភារមួយចំនួន ហើយជប៉ុនក៏នឹងត្រៀមនៅកិច្ចសហប្រតិបត្តិការការគាំទ្រដល់កម្ពុជា ដោយធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ាននាពេលខាងមុខ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាជនជប៉ុន ដែលបានជួយដល់កម្ពុជានូវវ៉ាក់សាំងកូវីដ-១៩ និងជំនួយដទៃទៀត ដើម្បីជួយដល់កម្ពុជាក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណផងដែរដល់ភាគីជប៉ុន ដែលបានផ្ដល់រថយន្ត ជាសម្ភារ និងកិច្ចសហប្រតិបត្តិការដែលជាការគាំទ្រដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការដឹកនាំជាប្រធានអាស៊ាននាពេលខាងមុខ។ ក្រៅពីនេះ ក៏បានស្វាគមន៍ និងមានប្រសាសន៍ថា ក្នុងខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាពនៅឆ្នាំ២០២២ខាងមុខ គប្បីរៀបចំធ្វើខួបនេះឱ្យក្លាយទៅជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ។

រីឯគោលបំណងវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា និងក្រុមហ៊ុនផលិតអគ្គិសនី និងការគាំទ្រកំពង់ផែខេត្តព្រះសីហនុជាកំពង់ផែស្នូលប្រទេសកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឱ្យមានការធ្វើការជាមួយនឹងស្ថាប័នពាក់ព័ន្ធដទៃទៀត៕

អត្ថបទ៖ លោក ហ៊ន សុភ័ក្រ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង