ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទហ្វាយហ្ស័រ (Pfizer) ជំនួយសរបស់អូស្ត្រាលីជើងទី២ ចំនួនជាង ១,៥លានដូសទៀត នឹងដឹកមកដល់កម្ពុជានៅយប់ថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។
រដ្ឋាភិបាល និងប្រជាពលរដ្ឋអូស្ត្រាលី បានសម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាជាង ២,៣៥លានដូស ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។
វ៉ាក់សាំងជើងទី១ ចំនួន ៧៨៣.០០០ ដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។ ការមកដល់នៃវ៉ាក់សាំងជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីជើងទី១នោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ដោយឡែក លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងដែលដឹកមកដល់កម្ពុជានៅយប់នេះ មានចំនួន ១.៥៦៧.៥៣០ដូស៕