×

តើអាច​ផឹកទឹក​ពេលកំពុង​ញ៉ាំអាហារបាន ឬអត់?

គ្នាយើងប្រហែលជាធ្លាប់បានឮរឿងហាមផឹកទឹកពេលកំពុងញ៉ាំអាហារហើយមើលទៅ។ អ្នកជំនាញខ្លះបានពន្យល់ថា ទឹកអាចពង្រាវអាស៊ីតក្នុងក្រពះ និងអ្នកជំនាញផ្សេងទៀតគិតថាការធ្វើបែបនេះ នឹងធ្វើឱ្យយើងធាត់។ មនុស្សមួយចំនួនទៀត ក៏គិតថាទឹកអាចរុញអាហារមិនទាន់រំលាយចេញពីក្រពះបានផងដែរ។ តោះស្វែងយល់ទាំងអស់គ្នា។

ដំណើរការនៃការរំលាយអាហារ
ដំណើរការនៃការរំលាយអាហារចាប់ផ្តើមតាំងពីយើងគិតពីអាហារដែលត្រូវញ៉ាំ ហើយទឹកមាត់ ក៏ចាប់ផ្ដើមផលិតនៅក្នុងមាត់។ នៅពេលដែលយើងទំពារអាហារ វានឹងលាយជាមួយទឹកមាត់ដែលមានអង់ស៊ីមចាំបាច់សម្រាប់ការរំលាយអាហារ។ បន្ទាប់ពីនោះ អាហារដែលបន្ទន់រួចនឹងចូលក្នុងក្រពះ និងលាយជាមួយនឹងអាស៊ីតក្រពះ។ ជាមធ្យម ក្រពះត្រូវការរយៈពេល៤ម៉ោង ដើម្បីធ្វើការរំលាយអាហារមុននឹងបំប្លែងទៅជាសារធាតុរាវ ឬអាស៊ីត (chyme) ដែលអាស៊ីតនេះ នឹងបន្តទៅពោះវៀនតូច និងផ្តល់សារធាតុចិញ្ចឹមទាំងអស់ទៅឱ្យរាងកាយ។
ចំណែកទឹកមិនស្តុកនៅក្នុងក្រពះយូរទេ។ ក្រពះត្រូវការរយៈពេលតែ១០នាទីប៉ុណ្ណោះ ដើម្បីបញ្ជូនទឹក ២៩៥មីល្លិលីត្រ។ ដូចនេះបើយើងផឹកទឹកអំឡុងពេលញ៉ាំអាហារ ទឹកមិនស្តុកក្នុងក្រពះទេ គឺទឹកនឹងហូរកាត់អាហារទាំងនោះ ផ្តល់សំណើមដល់អាហារទាំងនោះ ហើយចេញពីក្រពះយ៉ាងឆាប់រហ័ស។

សារធាតុរាវមិនកាត់បន្ថយភាពខ្លាំងរបស់អាស៊ីតទេ
រាងកាយយើងជាប្រព័ន្ធដែលមានភាពស្មុគស្មាញ ប៉ុន្តែមានមុខងារច្បាស់លាស់។ ប្រសិនជាក្រពះមិនអាចរំលាយអាហារណាមួយ ក្រពះនឹងផលិតអង់ស៊ីមបន្ថែម និងបង្កើនជាតិអាស៊ីតឱ្យសារធាតុរាវនៅខាងក្នុងនោះ។ ទោះបីយើងផឹកទឹកច្រើនរហូតដល់មួយលីត្រកន្លះក៏ដោយ ទឹកក៏មិនមានឥទ្ធិពលអ្វីទៅលើកម្រិតអាស៊ីតដែរ។ ដោយឡែក យើងមានញ៉ាំអាហារដែលមានជាតិទឹកដែរដូចជាផ្លែក្រូចជាដើម ដែលផ្លែក្រូចមួយផ្លែមានជាតិទឹក ៨៦%។

ការសិក្សាជាច្រើនបានបង្ហាញថា អាហារមួយចំនួនអាចនឹងបន្ថយកម្រិតជាតិអាស៊ីតនៅក្នុងក្រពះ ប៉ុន្តែកម្រិតជាតិអាស៊ីត នឹងត្រលប់មកសភាពដើមវិញយ៉ាងឆាប់រហ័ស។
សារធាតុរាវ មិនប៉ះពាល់ដល់ការរំលាយអាហារទេ។
មិនមានការសិក្សាណាមួយ អាចបញ្ជាក់ថា សារធាតុរាវរុញអាហាររឹងទៅក្នុងពោះវៀនតូចមុនពេលត្រូវបានរំលាយទេ។ អ្នកវិទ្យាសាស្ត្រ បានអះអាងថា សារធាតុរាវចេញពីរាងកាយលឿនជាងអាហាររឹង ប៉ុន្តែសារធាតុរាវ មិនបានរំខានដល់ដំណើរការនៃការរំលាយអាហារទេ។

តើអាចផឹកទឹកពេលកំពុងញ៉ាំអាហារបានដែរឬទេ?

ការផឹកទឹកអំឡុងពេលញ៉ាំអាហារមិនមានផលប៉ះពាល់អ្វីទេ។ ផ្ទុយមកវិញ ទឹកជួយបន្ទន់អាហារដែលរឹង។ ប៉ុន្តែយកល្អកុំផឹកទឹកមុននឹងលេបអាហារ ព្រោះអាហារ ត្រូវការទឹកមាត់ដែលមានផ្ទុកអង់ស៊ីមចាំបាច់ក្នុងការរំលាយអាហារ។ ម៉្យាងទៀត ការសិក្សាបង្ហាញថា នៅពេលយើងផ្អាកការញ៉ាំដើម្បីផឹកទឹកនោះ អាចពន្យឺតការញ៉ាំអាហារ និងធ្វើឱ្យយើងញ៉ាំអាហារតិចជាងមុន ដែលនេះជាការណ៍ល្អសម្រាប់អ្នកចង់សម្រកទម្ងន់ និងបង្ការកុំឱ្យញ៉ាំអាហារលើសកំណត់។
បើយើងទម្លាប់នឹងការផឹកទឹកតែពេលញ៉ាំអាហារ ក៏មិនមានបញ្ហាអ្វីដែរ។ ការស្រាវជ្រាវ បានឱ្យដឹងថា កម្រិតជាតិអាស៊ីតក្នុងក្រពះ គឺមិនមានភាពខុសគ្នាក្រោយពេលផឹកតែ ឬផឹកទឹកធម្មតាទេ។ សីតុណ្ហភាពទឹកដែលយើងផឹក ក៏មិនមានឥទ្ធិពលលើដំណើរការនៃការរំលាយអាហារ ឬបរិមាណសារធាតុចិញ្ចឹមដែលរាងកាយទទួលទេ ព្រោះក្រពះអាចបន្ថែមកម្តៅ ឬបញ្ចុះកម្ដៅឱ្យអាហារក្នុងកម្រិតចាំបាច់។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រណែនាំឱ្យផឹកទឹកក្ដៅឧណ្ហៗត្រឹម៦៥អង្សាសេ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង