×

លទ្ធផល​ប្រឡង​បាក់ឌុប នឹងត្រូវប្រកាស​នៅថ្ងៃទី១៨ មករា ២០២២ សម្រាប់​មណ្ឌល​រាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយ​មណ្ឌល​ខេត្តផ្សេងៗ​នៅថ្ងៃ១៩

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា តាមការគ្រោងទុក លទ្ធផលនៃការប្រឡង នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ និងផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សូមបញ្ជាក់ថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដោយមានមណ្ឌលប្រឡងចំនួន ២០៤ ចែកចេញជា ៤.៦១៦បន្ទប់ និងមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១១៤.១៨៥នាក់ (ស្រី ៦០.៣៩៧នាក់) ក្នុងនោះបេក្ខជនចំណេះទូទៅ ចំនួន ១០៤.២៩៨នាក់ (ស្រី ៥៧.១២៣នាក់) និងបេក្ខជនបំពេញវិជ្ជា និងស្វៃរិនចំណេះទូទៅចំនួន ៩.៨៨៧ នាក់ (ស្រី ៣.២៧៤នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្ត្រចំនួន ៣៩.៦១០នាក់ (ស្រី ២៣.៦៨៣ នាក់) និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៧៤.៥៧៥នាក់ (ស្រី ៣៧.៧១៤នាក់)។

ក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃនេះ បេក្ខជនអវត្តមានសរុប ៤.៤៣០នាក់ (ស្រី ១.៨២៧នាក់) ត្រូវជា ៣,៨៨ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប។

ក្រសួងក៏បានបញ្ជាក់ដែរថា បេក្ខជនមានបញ្ហាសុខភាពចំនួន ៣៦នាក់ ក្នុងនោះបេក្ខជនមានជំងឺកូវីដ១៩ ដែលជាកីឡាការិនីចំនួន ២នាក់, បេក្ខជនមានកម្ដៅលើសធម្មតា ដែលត្រូវដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន ៣នាក់ និងបេក្ខជនមានបញ្ហាសុខភាពដទៃទៀតចំនួន ៣១នាក់ រួមនឹងបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ អាចបន្តការប្រឡងរហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។

គណៈកម្មការមេប្រយោគទូទាំងប្រទេស នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ ហើយដំណើរការប្រឡងរយៈពេល ២ថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ ក្រោមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ព្រមទាំងស្របនឹងវិធានការសុវត្ថិភាពសុខភាព៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង