វៀតណាម៖ ស្ត្រីចិត្តដ៏ព្រៃផ្សៃឈ្មោះ Võ Nguyễn Quỳnh Trang អាយុ២៦ឆ្នាំមកពីខេត្ត Gia Laiដែលត្រូវជាគូដណ្ដឹងថ្មីរបស់បុរសត្រូវជាឪពុកបង្កើតរបស់កុមាររងគ្រោះ នឹងត្រូវកាត់ទោសពីបទធ្វើបាបលើកុមារអាយុ ៨ឆ្នាំរហូតដល់ស្លាប់។
យោងតាមសេចក្តីរាយការណ៍នៅវៀតណាម អាជ្ញាធរបានទទួលព័ត៌មានថា កុមារីតូចម្នាក់ ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមួយក្នុងសង្កាត់២២ ខណ្ឌ Binh Thạnh ទីក្រុងហូជីមិញ។ ក្មេងស្រីនេះ ស្ថិតក្នុងស្ថានភាពសន្លប់ បន្ទាប់ពីគាំងបេះដូង និងមានបញ្ហាផ្លូវដង្ហើម។ នាងត្រូវបានគេប្រកាសថា បានស្លាប់មុនពេលមកដល់មន្ទីរពេទ្យ។
ក្នុងពេលធ្វើកោសល្យវិច័យ គ្រូពេទ្យបានរកឃើញថា ក្មេងស្រីរងគ្រោះ មានស្នាមជាំពេញខ្លួនប្រាណ ព្រមទាំងមានស្នាមនៅលើផ្ទៃមុខ។ នាងក៏ទទួលរងពីជំងឺស្ទះសួតស្រួចស្រាវ បាក់ឆ្អឹងជំនី និងសញ្ញានៃការហើមខួរក្បាលរបស់នាងផងដែរ។ ដោយសង្ស័យថាក្មេងរងគ្រោះ ត្រូវបានគេធ្វើបាបមុនស្លាប់ប៉ូលិស ក៏បានបើកការស៊ើបអង្កេត។
មានសេចក្តីរាយការណ៍ថា ស្ត្រីអាយុ ២៦ឆ្នាំ ត្រូវជាគូដណ្តឹង របស់ ឪពុករបស់ក្មេងនេះ។ អ្នកទាំងបី បានមករស់នៅជាមួយគ្នានៅ ផ្ទះមួយ ក្នុងខណ្ឌ Binh Thạnh តាំងពីពាក់កណ្តាល ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី២២ ខែធ្នូ ពេលឪពុកចេញទៅធ្វើការ ស្ត្រីដែលត្រូវជាគូដណ្ដើម ឈ្មោះ Trang មានអារម្មណ៍តានតឹង ពេលកំពុងបង្រៀនក្មេងស្រីនោះនៅផ្ទះ។ បន្ទាប់មក នាងបានស្តីបន្ទោស និងវាយក្មេងនោះ ដោយប្រើដំបងឈើធំ។
នៅវេលាម៉ោង៦ល្ងាចថ្ងៃដដែល កុមារអាយុ៨ឆ្នាំ ចាប់ផ្តើមក្អួត ហើយឈ្មោះ Trang បានហៅឪពុកមកផ្ទះ និងធ្វើការសង្គ្រោះបឋម។ ពេលនោះ កុមារត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្តែបានស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យ។
ចំណែកអ្នកជិតខាង បាននិយាយថា កុមារបានរងគ្រោះដោយអំពើហិង្សាជាច្រើនលើកច្រើនសាមកហើយ មុនពេលកើតហេតុ។ បច្ចុប្បន្ន ឈ្មោះ Trang កំពុងស្ថិតក្នុងការឃុំខ្លួន ហើយនឹងត្រូវកាត់ទោស៕