បន្ទាយស្រី៖ ពិព័រណ៍អាហារជនបទ នៅក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានត្រៀមរួចរាល់ហើយសម្រាប់ទទួលភ្ញៀវទេចរជាតិ និងអន្តរជាតិទៅភ្លក់រសជាតិអាហាររបស់បងប្អូនអ្នកភូមិព្រះដាក់បែបជនបទស្រុកស្រែជាច្រើនប្រភេទនៅទីនោះក្នុងឱកាសបុណ្យឆ្លងឆ្នាំរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅលើបណ្ដោយផ្លូវព្រះដាក់ ផ្លូវបំបែកអក្សរ T ដល់ផ្លូវបំបែកជា៤ ផ្លូវបេតុង។
ពិព័រណ៍នេះ នឹងមានស្ដង់អាហារចំនួន ១០០ស្ដង់ ចាប់ផ្ដើមពីម៉ោង ៨ព្រឹកដល់១០យប់ ហើយភ្ញៀវទេសចរ ក៏អាចទស្សនាតន្ត្រីស្គរដៃកម្សាន្ត ស្ដង់ធំសម្រាប់អង្គុយញ៉ាំអាហារ និងទីធ្លាចតយានយន្តគ្រប់គ្រាន់ តែនឹងត្រូវបានធ្វើឡើងដោយគោរពតាមវិធានសុវត្ថិភាពសុខាភិបាលយ៉ាងម៉ត់ចត់បំផុត។ ពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណងបង្កើតឱកាសរកប្រាក់ចំណូលសម្រាប់អ្នកភូមិ និងរុញច្រានចរន្តសេដ្ឋកិច្ចរបស់ស្រុកពីវិស័យទេសចរណ៍ឱ្យចាប់ផ្តើមដំណើរការឡើងវិញ។
រដ្ឋបាលស្រុកបន្ទាយស្រី នឹងសហការជាមួយបងប្អូនសហគមន៍ក្នុងភូមិព្រះដាក់ ដើម្បីរៀបចំកម្មវិធីម្ហូបអាហារជនបទនេះឡើង ដើម្បីផ្តល់ជាបទពិសោធថ្មីមួយដល់អ្នកទេសចរបានដើរលេងកម្សាន្តក្នុងភូមិ និងភ្លក់រសជាតិម្ហូបអាហារធ្វើដោយអ្នកភូមិផ្ទាល់ នៅលើទីតាំងដែលត្រូវបានរំពឹងទុកថាមានភាពងាយស្រួលក្នុងការរៀបចំ និងមានលក្ខណៈអំណោយផលពីអាកាសធាតុផងដែរ។
ដូចនេះ ត្រៀមខ្លួនទាំងអស់គ្នាសម្រាប់ទទួលយកបទពិសោធន៍ភ្លក់ម្ហូបអាហារជាមួយធម្មជាតិដ៏ស្រស់ត្រកាលលើទឹកដីស្រុកបន្ទាយស្រីទាំងអស់គ្នារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃស្អែកនេះតទៅ៕