×

ម្ដាយបង្កើត​របស់​កុមារ​ដែល​ស្លា ប់ ប្ដឹង​បូលិស​ឱ្យស៊ើប​អតីតស្វាមីខ្លួន ដែល​បណ្ដោយ​ឱ្យគូដណ្ដឹងថ្មី​ធ្វើបាបកូន

វៀតណាម៖ ម្តាយបង្កើតរបស់ក្មេងស្រីអាយុ ៨ឆ្នាំនៅទីក្រុងហូជីមិញ ដែលបានស្លាប់ បន្ទាប់ពីទទួលរងការធ្វើបាបពីគូដណ្តឹងថ្មីរបស់ឪពុកបង្កើតរបស់នាង បានស្នើសុំការស៊ើបអង្កេតលើអតីតស្វាមី ក្នុងការស្លាប់របស់កូនស្រីរបស់ពួកគេ។

អ្នកស្រី Nguyen Thi Hanh អាយុ ៣៦ឆ្នាំ ជាម្តាយរបស់ក្មេងស្រី បានស្នើសុំបងប្រុសរបស់គាត់ ឈ្មោះ Nguyen Quang Vinh ឱ្យធ្វើការជាមួយប៉ូលីសខណ្ឌ Binh Thanh ទាក់ទងនឹងករណីនេះ។

កន្លងមក ប៉ូលីសបានចាប់ខ្លួនឈ្មោះ Nguyen Vo Quynh Trang អាយុ ២៦ឆ្នាំ ដែលត្រូវជាគូដណ្តឹងថ្មីរបស់ឪពុកក្មេងស្រីដែលស្លាប់ ដើម្បីធ្វើការស៊ើបអង្កេត។

បងប្រុសរបស់ម្ដាយក្មេង លោក Vinh បានស្នើសុំឱ្យប៉ូលីសពិនិត្យមើលបន្ថែមទៀតលើករណីនេះ ដោយនិយាយថា ការចោទប្រកាន់ពីបទរំលោភបំពានបង្កដោយគូដណ្ដឹងរបស់អតីតប្អូនថ្លៃ មិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់អ្វីដែលនាងបានធ្វើចំពោះក្មួយស្រីរបស់គាត់។ ឪពុកក្មេង ក៏ត្រូវស៊ើបអង្កេតដែរ ព្រោះក្មេងស្រីរងគ្រោះ ត្រូវគេវាយច្រើនដងរួចមកហើយ កាលពីពេលកន្លងមក ហេតុនេះទើបមានស្នាមលើដងខ្លួន។

លោក Vinh បានបន្តទៀតថា ក្រុមគ្រួសាររបស់គាត់ បានដឹងពីការស្លាប់របស់ក្មេងស្រី តាមរយៈប៉ូលីសកាលពីថ្ងៃទី២៣ ខែធ្នូ។ អ្នកជិតខាងដែលរស់នៅក្បែរផ្ទះរបស់ក្មេងស្រី បាននិយាយថា ពួកគេបានកត់សម្គាល់ឃើញការធ្វើបាបលើក្មេងរងគ្រោះ អស់រយៈពេលជាយូរមកហើយ។

យោងតាមប៉ូលីស ឪពុកក្មេងស្រីរងគ្រោះ បាននិយាយថា គាត់បានដឹងថាគូដណ្ដឹងរបស់ខ្លួន តែងតែប្រើដំបងវាយកូនស្រីរបស់គាត់ ប៉ុន្តែគាត់មិនបានប្រតិកម្មខ្លាំងដើម្បីការពារនាងទេ។

ម្ដាយនិងឪពុកក្មេងរងគ្រោះ បានលែងលះគ្នាកាលពីមួយឆ្នាំមុន ហើយកូនប្រុសពៅបានទៅម្ដាយចិញ្ចឹម ខណៈអតីតរបស់នាង ចិញ្ចឹមកូនស្រីច្បងរបស់ពួកគេ។ ម្ដាយត្រូវមានសិទ្ធិទៅលេង ប៉ុន្តែមិនអាចជួបកូនស្រីបានទេ តាំងពីពេលលែងលះមក ព្រោះអតីតប្តី ហាមមិនឱ្យគាត់ជួបជាមួយកូនស្រីរបស់ពួកគេឡើយ។

បងប្រុសរបស់ម្ដាយក្មេងរងគ្រោះ បាននិយាយថា ប្អូនស្រីរបស់គាត់ បានព្យាយាមមកអាផាតមិញដែលកូនស្រីរបស់គាត់រស់នៅជាច្រើនដង ដើម្បីមើលកូនស្រីរបស់គាត់ ប៉ុន្តែមិនអាចទៅរួចទេដោយសារសន្តិសុខតឹងតែង។ នាងមិនអាច សូម្បីតែឃើញកូនស្រីបង្កើតរបស់ខ្លួននៅសាលារៀន។

គាត់បានព្យាយាមសុំជំនួយពីមិត្តភ័ក្តិ ដើម្បីសុំឱ្យអតីតស្វាមី ឱ្យទៅជួបកូនស្រី ប៉ុន្តែតែងតែត្រូវបានបដិសេធ។ ដូច្នេះ ហើយ ទើបនាង គ្មានដំណឹងអ្វីពីក្មេងស្រីនោះទេ លុះដល់ថ្ងៃបានឮដំណឹងថា កូនស្រីបានស្លាប់។

យោងតាមសេចក្តីរាយការណ៍នៅវៀតណាម អាជ្ញាធរបានទទួលព័ត៌មានថា កុមារីតូចម្នាក់ ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមួយក្នុងសង្កាត់២២ ខណ្ឌ Binh Thạnh ទីក្រុងហូជីមិញ។ ក្មេងស្រីនេះ ស្ថិតក្នុងស្ថានភាពសន្លប់ បន្ទាប់ពីគាំងបេះដូង និងមានបញ្ហាផ្លូវដង្ហើម។ នាងត្រូវបានគេប្រកាសថា បានស្លាប់មុនពេលមកដល់មន្ទីរពេទ្យ។

ក្នុងពេលធ្វើកោសល្យវិច័យ គ្រូពេទ្យបានរកឃើញថា ក្មេងស្រីរងគ្រោះ មានស្នាមជាំពេញខ្លួនប្រាណ ព្រមទាំងមានស្នាមនៅលើផ្ទៃមុខ។ នាងក៏ទទួលរងពីជំងឺស្ទះសួតស្រួចស្រាវ បាក់ឆ្អឹងជំនី និងសញ្ញានៃការហើមខួរក្បាលរបស់នាងផងដែរ។ ដោយសង្ស័យថាក្មេងរងគ្រោះ ត្រូវបានគេធ្វើបាបមុនស្លាប់ប៉ូលិស ក៏បានបើកការស៊ើបអង្កេត។

មានសេចក្តីរាយការណ៍ថា ស្ត្រីអាយុ ២៦ឆ្នាំ ត្រូវជាគូដណ្តឹងរបស់ ឪពុករបស់ក្មេងនេះ។ អ្នកទាំងបី បានមករស់នៅជាមួយគ្នានៅ ផ្ទះមួយ ក្នុងខណ្ឌ Binh Thạnh តាំងពីពាក់កណ្តាល ឆ្នាំ២០២០។

នៅរសៀលថ្ងៃទី២២ ខែធ្នូ ពេលឪពុកចេញទៅធ្វើការ ស្ត្រីដែលត្រូវជាគូដណ្ដើម ឈ្មោះ Trang មានអារម្មណ៍តានតឹង ពេលកំពុងបង្រៀនក្មេងស្រីនោះនៅផ្ទះ។ បន្ទាប់មក នាងបានស្តីបន្ទោស និងវាយក្មេងនោះ ដោយប្រើដំបងឈើធំ។

នៅវេលាម៉ោង៦ល្ងាចថ្ងៃដដែល កុមារអាយុ៨ឆ្នាំ ចាប់ផ្តើមក្អួត ហើយឈ្មោះ Trang បានហៅឪពុកមកផ្ទះ និងធ្វើការសង្គ្រោះបឋម។ ពេលនោះ កុមារត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្តែបានស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យ។

ចំណែកអ្នកជិតខាង បាននិយាយថា កុមារបានរងគ្រោះដោយអំពើហិង្សាជាច្រើនលើកច្រើនសាមកហើយ មុនពេលកើតហេតុ។ បច្ចុប្បន្ន ឈ្មោះ Trang កំពុងស្ថិតក្នុងការឃុំខ្លួន ហើយនឹងត្រូវកាត់ទោស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង