×

ក្រសួង​មិនអនុញ្ញាត​ឱ្យ​រថយន្ត​គ្រប់ប្រភេទ កែចង្កូត​ពី​ស្តាំមកឆ្វេង នៅ​តាមយានដ្ឋាន​គ្មានច្បាប់​អនុញ្ញាត​ឡើយ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទ កែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្ម ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះឡើយ ដោយសារសកម្មភាពកែចង្កូតពីស្តាំមកឆ្វេងនៅតាមយានដ្ឋានទាំងនោះ ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលអាចបណ្តាលឱ្យរថយន្តបើកបរពុំមានសុវត្ថិភាព និងបង្កគ្រោះថ្នាក់ជាយថាហេតុនៅពេលធ្វើចរាចរណ៍លើផ្លូវថ្នល់។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា កន្លងមកក្រសួងបានទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន០៨ ធ្វើអាជីវកម្មកែចង្កូតពីស្តាំមកឆ្វេងរួមមាន ១.ក្រុមហ៊ុន Fuji Form Co., Ltd, ២.ក្រុមហ៊ុន Lien Thong Investment Group Co.Ltd, ៣.ក្រុមហ៊ុន S.T.P International (Cambodia )Public Co., Ltd, ៤.ក្រុមហ៊ុន Seconimex Co., Ltd, ៥.ក្រុមហ៊ុន សុវណ្ណយន្ត( SOVANN YAUN Co., Ltd), ៦.ប៉ាស្ទ័រ មានជ័យ, ៧.ក្រុមហ៊ុន ភី.អ.វ៉ាយ គ្លូបល ឯ.ក និង ៨.ក្រុមហ៊ុន ប៉ាវ គីមស្រ៊ាង។

សូមរំឭកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ច ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញានឹងមិនឲ្យមានរថយន្តចង្កូតស្តាំប្រើប្រាស់នៅលើដងផ្លូវទៀតឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង