បាងកក៖ អភិបាលក្រុងបាងកក លោក Aswin Kwanmuang កាលពីពេលថ្មីៗនេះ បានចេញសេចក្តីប្រកាសមួយ ដោយផ្តល់នូវការណែនាំសម្រាប់អ្នកចូលរួម និងអ្នករៀបចំព្រឹត្តិការណ៍រាប់ថយក្រោយឆ្នាំថ្មី ឆ្នាំសាកល២០២១ ឈានចូលឆ្នាំ២០២២។
លោកអភិបាលក្រុងបាងកក បានហាមឃាត់ការបាញ់កាំជ្រួច ឬបង្ហោះចង្កៀងគោម ឬវត្ថុស្រដៀងគ្នា។ ប៉ុន្តែ ករណីលើកលែង នឹងធ្វើឡើងក្នុងករណីដែលការអនុញ្ញាតជាលាយលក្ខណ៍អក្សរ ត្រូវបានផ្តល់ដោយប្រធានការិយាល័យ។ អ្នកបំពានអាចប្រឈមនឹងការផាកពិន័យរហូតដល់ ៦ម៉ឺនបាត ឬជាប់ពន្ធនាគារ ៣ឆ្នាំ ឬទាំងពីរ។
សេចក្ដីប្រកាសនោះ ក៏បានបញ្ជាក់ថា ម្ចាស់ ឬប្រតិបត្តិករនៃគ្រឹះស្ថានដែលបម្រើការជាកន្លែងសម្រាប់ព្រឹត្តិការណ៍រាប់ថយក្រោយឆ្នាំថ្មី ត្រូវតែធ្វើឱ្យប្រាកដថា ឧបករណ៍ការពារអគ្គីភ័យ ប្រព័ន្ធជូនដំណឹងអគ្គីភ័យ ក៏ដូចជាប្រព័ន្ធសង្គ្រោះបន្ទាន់ដំណើរការជាប្រក្រតី។ ពួកគេក៏ត្រូវតែមានផ្លូវរត់គេចពីអគ្គីភ័យ រៀបចំផែនការ និងរៀបចំការហ្វឹកហាត់ពន្លត់អគ្គីភ័យជាប្រចាំ។
ចំណែកគ្រឹះស្ថានត្រូវតែរក្សាការអនុវត្តគម្លាតសង្គម និងផ្តល់ខ្យល់ចេញចូលបានត្រឹមត្រូវនៅខាងក្នុងអគារ។ ពួកគេត្រូវបានណែនាំឱ្យប្រើសម្ភារមិនងាយឆេះជាគ្រឿងតុបតែងលម្អ និងគ្រឿងសង្ហារឹម ក៏ដូចជាជៀសវាងការប្រារព្ធពិធីផ្សេងៗនៅក្នុងបរិវេណដែលរក្សាទុកសម្ភារងាយឆេះ។
អ្នកចូលរួមក្នុងព្រឹត្តិការណ៍នានាត្រូវបានណែនាំឱ្យអនុវត្តការប្រុងប្រយ័ត្ន និងគោរពយ៉ាងម៉ឺងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាលសាធារណៈ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ១៩៕