កែប៖ មុនពិធីបុណ្យឆ្លងឆ្នាំសាកលចូលមកដល់ មន្ត្រីជំនាញផ្នែកម្ហូបអាហាររបស់ខេត្តកែប បានចុះទៅត្រួតពិនិត្យ លើគុណភាពចំណីអាហារ ជាពិសេសគ្រឿងសមុទ្រសរុបចំនួន ១៥គំរូ និងទំនិញប្រើប្រាស់មួយចំនួនទៀត នៅចំណុចផ្សារក្តាម នៃខេត្តកែប តែមិនបានរកឃើញមានសារធាតុគីមីហាមឃាត់ និងទំនិញហូសកាលបរិច្ឆេទទេ។
លោក ឯម រតន៍មន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានឱ្យដឹងនាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ថា មន្ទីរជំនាញសហការជាមួយ សាខា ក.ប.ប ខេត្ត និងអាជ្ញាធរក្រុង បានចុះត្រួតពិនិត្យម្ហូបអារហារ (ផលិតផលសមុទ្រ) នៅក្នុងផ្សារក្តាម ដោយធ្វើតេស្តលើគំរូផលិតផលមឹកស្រស់ បង្គារស្រស់ មឹកងៀត ត្រីងៀត សរុបចំនួន ១៥គំរូ និងបានពិនិត្យកាលបរិច្ឆេទប្រើប្រាស់ទំនិញ នៅតាមហាងលក់ទំនិញ មួយចំនួនផងដែរ។ ជាលទ្ធផលផលិតផល និងទំនិញដែល បានដាក់លក់ទាំងនោះ មិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់ និងមិនមានការដាក់លក់ទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់ឡើយ។
លោកប្រធានមន្ទីរបញ្ជាក់ថា ក្នុងករណីមានការសង្ស័យលើគុណភាព សុវត្ថិភាពម្ហូបអារហារ អតិថិជនត្រូវផ្តល់ព័ត៌មានជូនមន្ត្រីមានសមត្ថកិច្ចដែលប្រចាំការ ដើម្បីរួមគ្នាទប់ស្កាត់នូវអំពើកេងបន្លំធ្វើពាណិជ្ជកម្មដែលច្បាប់ហាមឃាត់៕