បន្ទាប់ពីចាញ់ក្រុមបាល់ទាត់ជម្រើសជាតិថៃដោយលទ្ធផល ០-៤ ក្នុងការប្រកួតជើងទី១ នៃវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFF Cup 2020 គេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី ត្រូវបានលួចចូលទៅគ្រប់គ្រងដោយ Hacker ម្នាក់ដែលសង្ស័យជាអ្នកគាំទ្រម្នាក់ដែលមិនពេញចិត្តជាមួយនឹងលទ្ធផលមួយនេះ។
យោងតាមសេចក្ដីរាយការណ៍ក្នុងស្រុក បានឱ្យដឹងថា គេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) មានសារមួយដែលធ្វើឡើងដោយពួក Hacker ដែលមានចំណងជើងថា៖ “រក្សាស្មារតីរបស់អ្នកសម្រាប់ជើងទីពីរ”។
គេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី ត្រូវបានពួក Hacker លួចចូលកាលពីយប់ថ្ងៃទី ២៩ ខែធ្នូ។ ទំព័រដើមបង្ហាញផ្ទៃខាងក្រោយខ្មៅ ដែលនៅចំកណ្តាលគឺជារូបភាពរបស់ប្រធានសហព័ន្ធ លោក Mochamad Iriawan ជាមួយនឹងពាក្យមួយឃ្លាថា “Hacked by Anon 7″។
ទង្វើនេះ ត្រូវបានគេនិយាយថា ជាលទ្ធផលនៃការចាញ់ទល់នឹងថៃ ក្នុងជើងទីមួយនៃពានរង្វាន់ AFF Cup 2020។ ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារតាមអ៊ីនធឺណិតនេះមិនមានរយៈពេលយូរទេ។ នៅម៉ោងប្រហែល ២៣:៤៣ គេហទំព័ររបស់សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី បានត្រលប់មកធម្មតាវិញ។
សូមជម្រាបថា ជើងទី២ នឹងលេងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលសិង្ហបុរីជាម្ចាស់ផ្ទះ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕