កោះកុង៖ ថ្ងៃនេះ Plus KH សូមធ្វើការណែនាំនូវតំបន់ឆ្នេរកម្សាន្តចំនួន៣ នៅខេត្តកោះកុង ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅកម្សាន្តនៅទឹកដីនៃខេត្តមួយនេះ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសាកល ឆ្នាំ២០២១ឈានចូលឆ្នាំ២០២២។
តំបន់ទាំង៣រួមមាន៖
ទី១- រមណីយដ្ឋានវិស្សមកាលតារាសាគរស្ថិសតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង មានចម្ងាយ ១៥២ គ.ម ពីក្រុងខេមរភូមិន្ទ។ ភ្ញៀវទេសចរជាតិអន្តរជាតិអាចធ្វើដំណើរពីរាជធានីភ្នំពេញ កាត់តាមផ្លូវជាតិ លេខ៤ និងលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកស្រុកបូទុមសាគរឆ្ពោះទៅស្រុកគីរីសាគរ ដែលជាតំបន់វិស្សមកាល ដ៏អសា្ចរ្យសម្រាប់ទេសចរក្នុងការសម្រាកកម្សាន្ត។ រមណីយដ្ឋានវិស្សមកាលតារាសាគរស្ថិតនៅតាមបណ្តោយ ឆ្នេរសមុទ្រដែលមានឆ្នេរខ្សាច់សស្អាត ទឹកថ្លាឈ្វេង ព័ទ្ធទៅដោយភ្នំ មានព្រៃឈើខៀវស្រងាត់។
ទី២- កោះកុងក្រៅ ស្ថិតក្នុងភូមិកោះកាពិ ឃុំកោះកាំពិ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយ ៣០គ.ម ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិអន្តរជាតិទាំងអស់អាច ធ្វើដំណើរទៅកាន់តំបន់នេះ បានតាមរយៈផ្លូវទឹក ដោយចំណាយពេលប្រមាណ ៥០នាទី ទើបដល់កោះដ៏ធំមួយនេះ។ កោះកុងក្រៅមានផ្ទៃដីប្រមាណ ៨០គ.មការ៉េ និងកម្ពស់ប្រហែល ៤១០ម ស្ថិតនៅលើផ្ទៃទឹកសមុទ្រ ដ៏ធំល្វឹងល្វើយ ដែលមាន ព៌ណខៀវស្រងាត់ ជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ មានឆ្នេរខ្សាច់ សម្រាប់កម្សាន្ត០៥ កន្លែង។ សព្វថ្ងៃតំបន់កោះកុងក្រៅនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាជើងទឹកផ្នែក លំហសមុទ្រ។
ទី៣- “ឆ្នេរប៉ាក់ខ្លង” ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ មានទីតាំងស្ថិតនៅក្នុងភូមិប៉ាក់ខ្លង ឃុំមណ្ឌលសីមា ស្រុកមណ្ឌលសីមា ដែលមានចម្ងាយប្រមាណជា ៨គីឡូម៉ែត្រពីទីរួមខេត្តកោះកុង សម្រាប់លំហែលកម្យាន្ត ឆ្នេរខ្សាច់ស្អាត ស្រូបខ្យល់បរិសុទ្ធ ស្ដាប់សំលេងទឹកសមុទ្រ៕