សៀមរាប៖ នាឱកាសឆ្លងឆ្នាំសាកល កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ខេត្តសៀមរាប បានស្វាគមន៍ភ្ញៀវទេសចរផ្ទៃក្នុង ចំនួន ១៨៩.៤៣៦ នាក់ ដែលជាតួលេខខ្ពស់បំផុតបើធៀបនឹងបណ្ដាខេត្តនានា លើកលែងតែរាជធានីភ្នំពេញ ដែលមានទេសចរផ្ទៃក្នុងច្រើនជាងខេត្តសៀមរាប។
នាឱកាសឆ្លងឆ្នាំសកល២០២១ឆ្លងចូល២០២២ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង១លាន១សែននាក់ ក្នុងនោះរាជធានីភ្នំពេញ និងខេត្តសៀមរាប មានអ្នកចូលទស្សនាច្រើនជាងគេ។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់ នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះ។
លោក ថោង ខុន បានបន្តថា យោងតាមតួលេខខាងលើឃើញថា មានការកើនឡើងដល់ទៅ ៦៣,៦៥% ធៀបនឹងឱកាសឆ្លងឆ្នាំសកល២០២០ឆ្លងចូល២០២១។ ជាមួយការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនាពេលកន្លងមក រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលក្រុង-ស្រុកមួយចំនួន បានរៀបចំជាពិធីអបអរសាទ និងទទួលអំណរឆ្នាំថ្មី ការប្រគំតន្រ្តី ការតុបតែងលម្អទីក្រុង និងដាក់ភ្លើងបំភ្លឺជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ៕