×

រឿងដ៏កម្រ! បុរសម្នាក់ លួចរត់​ពី​កូរ៉េខាងត្បូង​ឆ្លងកាត់​ទៅ​កូរ៉េខាងជើង ក្នុង​ថ្ងៃឆ្លងឆ្នាំសាកល

កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះថា មនុស្សម្នាក់ បានឆ្លងព្រំដែនចូលទៅក្នុងប្រទេសកូរ៉េខាងជើង នៅថ្ងៃបុណ្យចូលឆ្នាំថ្មី។ បុរសនេះ ទំនងជាមនុស្សតែមួយ ដែលបានរត់ឆ្លងកាត់ព្រំដែនដែលមានកំពែងរឹងមាំ ក្នុងទិសដៅផ្ទុយគ្នា ដើម្បីតាំងទីលំនៅនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីចុងឆ្នាំ២០២០។

កូរ៉េខាងត្បូង បានរកឃើញមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ ចូលទៅក្នុងទឹកដីកូរ៉េខាងជើង ឆ្លងកាត់ផ្នែកខាងកើតនៃព្រំដែន កាលពីថ្ងៃសៅរ៍។ យោធាបាននិយាយថា កាមេរ៉ាសុវត្ថិភាព បានបង្ហាញពីមនុស្សម្នាក់ ដែលបានវារនៅលើរបងលួសបន្លា។ កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិ សង្ស័យថា អ្នករត់ចោលស្រុកនេះ ជាអ្នកឆ្លងព្រំដែនចុងក្រោយបង្អស់ ហើយថាខ្លួនកំពុងព្យាយាមបញ្ជាក់ព័ត៌មានពាក់ព័ន្ធ។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅមុននេះបន្តិចថា ប្រទេសកូរ៉េខាងជើង មិនបានឆ្លើយតបទៅនឹងសាររបស់កូរ៉េខាងត្បូង ដែលបានផ្ញើកាលពីថ្ងៃមុន ដើម្បីធានាសុវត្ថិភាពរបស់បុរសនោះទេ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២០ បុរសម្នាក់ ជាអតីតអ្នកហាត់កាយសម្ព័ន្ធ ហើយបានប្រាប់អ្នកស៊ើបអង្កេតថា គាត់បានផ្លោះរបងលួស មុនពេលត្រូវបានទាហានកូរ៉េខាងត្បូងរកឃើញ។

ជនជាតិកូរ៉េខាងជើង ប្រហែល ៣៤.០០០ នាក់ បានភៀសខ្លួនទៅកូរ៉េខាងត្បូងសម្រាប់ហេតុផលសេដ្ឋកិច្ច និងនយោបាយ ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយមានតែប្រហែល ៣០នាក់ប៉ុណ្ណោះ ដែលបានត្រឡប់ទៅស្រុករបស់ពួកគេវិញនៅកូរ៉េខាងជើង ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ៕

 

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង