ភ្នំពេញ៖ នារីជនជាតិចិនម្នាក់ ដែលបានលោតសម្លាប់ខ្លួនពីលើអគារ យៀគ ថៃ ជាន់ទី៣៩ ស្ថិតនៅតាមមហាវិថីព្រះនរោត្តម ក្រុម៦៣ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឱ្យបាត់បង់ជីវិត កាលពីវេលាម៉ោង ៤:១៥នាទីរសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។ នារីដែលលោតសម្លាប់ខ្លួននោះមានឈ្មោះ WANG WENWEN អាយុ២៩ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារ យៀគ ថៃ បន្ទប់លេខD25.03 ជាន់ទី២៥ ជាអ្នកទេសចរ។
យោងតាយរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា មុនធ្វើអត្តឃាតនារីខាងលើបានចុះមកក្រោមតាមជណ្ដើរយន្តដើម្បីទទួលថ្នាំមួយស្បោងពីអ្នកដឹកជញ្ជូនអនឡាញ (ក្រុមហ៊ុន E-gets) រួចដើរទៅម៉ាតក្បែរនោះទិញស្រាបៀរមួយដប និងបានឡើងទៅជាន់ទី៣៩វិញ ដោយដើរបានប្រហែល២ជុំក៏អង្គុយក្បែរបង្កាន់ដៃ ហើយផឹកស្រាបៀរ និងជក់បារី លុះមួយសន្ទុះក្រោយមកក៏លោតចុះមកក្រោមតែម្ដង។
យោងតាមការសន្និដ្ឋានរបស់គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ និងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតពិតប្រាកដមែន។ បច្ចុប្បន្នសព ត្រូវបានតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីរង់ចាំសាច់ញាតិទទួលយក៕