ថៃ៖ ប៉ូលិសខេត្តត្រាត បាននិយាយកាលពីថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ ថា បុរសម្នាក់ បានសារភាពថា ខ្លួនបានសម្លាប់កូនប្រុស អាយុ ៦ឆ្នាំ បន្ទាប់ពីបានវាយដំ ហើយទុកឱ្យស្លាប់នៅក្នុងរថយន្ត។
ក្មេងប្រុសនេះ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងស្រុក Laem Ngob ខេត្តត្រាត កាលពីថ្ងៃអាទិត្យ នៅក្នុងរថយន្តហុងដា ដែលជាកម្មសិទ្ធិរបស់ឪពុកចុង ឈ្មោះ Panya Chaichiang-em អាយុ ៤៤ឆ្នាំ។
ដំបូងឡើយ ជនសង្ស័យ និងម្តាយបង្កើតរបស់ក្មេងប្រុស ត្រូវបានប៉ូលីសនាំខ្លួនទៅសាកសួរ តែពួកគេបដិសេធថា ក្មេងប្រុសនេះមិនត្រូវបានវាយដំឡើយ។ យ៉ាងណាក៏ដោយ ប៉ូលិសខេត្តត្រាត បានឱ្យដឹងថា ការពិនិត្យបឋមបានរកឃើញថា ក្មេងប្រុសនេះរងរបួសលលាដ៍ក្បាល និងបាក់ដៃស្តាំ។
ប៉ូលិសនិយាយថា ឈ្មោះ Panya ដែលជាឪពុកចុង បានសារភាពថា បានវាយក្មេងប្រុសនេះឱ្យសន្លប់កាលពីយប់ថ្ងៃសៅរ៍ សប្ដាហ៍មុន។ បន្ទាប់មក ដាក់ក្មេងប្រុសនៅក្នុងរថយន្តរបស់គាត់នៅពាក់កណ្តាលអធ្រាត្រ មុនពេលរកឃើញគាត់ស្លាប់នៅព្រឹកបន្ទាប់ ពោលគឺថ្ងៃអាទិត្យ។
ការពិនិត្យកោសល្យវិច័យ បានបញ្ជាក់ថា ក្មេងប្រុសនេះ បានស្លាប់ ៦ម៉ោងមុនពេលគេរកឃើញ។ ជនសង្ស័យបាន អះអាងថា ក្មេងប្រុសនៅមានជីវិតនៅឡើយ នៅពេលដែលគាត់ បានដាក់គេនៅក្នុងរថយន្ត។
ប៉ូលិសបន្តថា ឈ្មោះ Panya គឺជាមនុស្សញៀនថ្នាំ។ គាត់អាចប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាត នៅពេលដែលការស៊ើបអង្កេតកាន់តែស៊ីជម្រៅ។ ប៉ូលីសកំពុងកំណត់ថាតើករណីនេះ ជាករណីមានចេតនា ឬអត់។
ក្មេងប្រុសរងគ្រោះ ត្រូវបានរាយការណ៍ថា បានទទួលរងនូវអំពើហិង្សាមួយរយៈមកហើយ។ ចំណែកម្តាយរបស់គេ មិនបានរាយការណ៍ពីការរំលោភបំពានណាមួយពីមុនមកទេ ដោយសារតែគាត់ ពឹងផ្អែកផ្នែកហិរញ្ញវត្ថុរបស់ឪពុកចុងរបស់ក្មេងប្រុសនេះ។ ម្តាយ បង្កើតនេះ មិនទាន់ត្រូវបានចោទប្រកាន់ពីបទណាមួយនោះទេ៕
(ទស្សនាវីដេអូ)