សហរដ្ឋអាមេរិក៖ ព្យុះព្រិល បានគ្របដណ្ដប់យ៉ាងក្រាស់ និងខ្យល់បក់ខ្លាំងពាសពេញតំបន់ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក និងពាក់កណ្តាលអាត្លង់ទិក កាលពីថ្ងៃចន្ទ ទី៣ ខែមករា ដោយបង្ខំឱ្យការិយាល័យ និងសាលារៀននានា ត្រូវបិទទ្វារ យន្តហោះផ្អាកការហោះហើរ ហើយចរន្តអគ្គិសនីត្រូវបានកាត់ផ្ដាច់។
ភ្នាក់ងារអាកាសធាតុជាតិបានឱ្យដឹងថា ព្រិលធ្លាក់ពី ១២-២៥ សង់ទីម៉ែត្រ និងខ្យល់បក់ក្នុងល្បឿន ៦៤ គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងតំបន់ដែលមានព្យុះព្រិលជាលើកដំបូង នៅរដូវរងា ការព្រមានអំពីអាកាសធាតុធ្ងន់ធ្ងរ ត្រូវបានចេញសម្រាប់រដ្ឋ កាឡូរីណា ទៅដល់រដ្ឋញូជឺស៊ី ផងដែរ។
គិតត្រឹមម៉ោង ៤រសៀល នៅអាមេរិក ភ្នាក់ងារអាកាសធាតុជាតិបានរាយការណ៍ថា ព្រិល ២១,៥៩ សង់ទីម៉ែត្របានធ្លាក់នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ២២,៨៦សង់ទីម៉ែត្រនៅភាគខាងកើតរដ្ឋ ថេននេស៊ី ៣៧សង់ទីម៉ែត្រនៅរដ្ឋវើជីនៀ និង ៣៩,៣៧សង់ទីម៉ែត្រ នៅរដ្ឋម៉ារីលេន។
ព្រិលធ្លាក់ខ្លាំងនៅលើផ្លូវថ្នល់ និងខ្សែភ្លើង បង្កការលំបាកក្នុងការ ធ្វើដំណើរ និងធ្វើឱ្យលំនៅឋាននិងអាជីវកម្មជាច្រើន ដោយគ្មាន អគ្គិសនីប្រើប្រាស់។ មនុស្សចំនួន ៦៦១.០០០ នាក់គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងរដ្ឋ វើជីនៀ ម៉ារីឡេន, កាឡូរីណា និង ចចជៀ។
ជើងហោះហើរជិត ៣.០០០ត្រូវបានលុបចោល ហើយជាង ៥.០០០ផ្សេងទៀត ត្រូវបានពន្យារពេលនៅក្នុងសហរដ្ឋអាមេរិក។
មន្ត្រីផ្លូវហាយវេក្នុងរដ្ឋម៉ារីលេន និងរដ្ឋវើជីនៀ មានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណី ដោយសារផ្លូវបានកកដោយសារព្រិល៕