ម៉ាឡេស៊ី៖ បុរសម្នាក់ត្រូវបានមហាជនកោតសរសើរនូវអំពើល្អរបស់លោកដែលបានជួយសង្គ្រោះគ្រួសារមួយដែលស្ត្រីជនជាតិឥណ្ឌាម្នាក់ត្រូវបានប្តីរត់ចោលបន្សល់កូនតូចៗ២នាក់រួមជាមួយបំណុលជាច្រើន។ បុរសដែលមានគណនីបណ្តាញសង្គមឈ្មោះ Uncle Kentang បានស្លៀកសម្លៀកបំពាក់តាណូអែល ដើម្បីលើកទឹកចិត្តដល់ស្ត្រីដែលកំពុងជួបបញ្ហា និងមានបំណងនាំកូនៗបញ្ចប់ជីវិតដោយសារសម្ពាធធ្ងន់ពេក។
យ៉ាងណាមិញ លោក Uncle Kentang បានជួយលើកទឹកចិត្ត និងសន្យាថានឹងជួយស្ត្រីរូបនោះឱ្យរួចផុតពីបំណុលដែលលោកបានបញ្ជាក់ថា នេះជាកាដូសម្រាប់ថ្ងៃបុណ្យណូអែល។ ការសន្យាមួយនេះមិនមែនបានន័យថា លោកនឹងជួយស្ត្រីមេម៉ាយរូបនោះដោយការយកប្រាក់ដោះបំណុលជំនួសឡើយ ផ្ទុយទៅវិញជាការជួយចង្អុលបង្ហាញចាប់ផ្តើមមុខរបររកស៊ីមួយឱ្យដំណើរការដើម្បីបានប្រាក់មកដោះបំណុល និងផ្គត់ផ្គង់ជីវភាព។
លោកបានឱ្យដឹងថា ទោះបីលោកមិនមែនជាតាណូអែលដែលអាចឆ្លើយតបនឹងសំណើរទៅកាន់មនុស្សគ្រប់គ្នាបានក៏ដោយ តែលោកនឹងមានវត្តមានក្នុងឱកាសពិសេសណាមួយ។ គួរបញ្ជាក់ដែរថា បុរសរូបនេះបានចែករំលែកសកម្មភាពជួយគ្រួសារដែលខ្វះខាតបានយ៉ាងច្រើនកន្លងមក រីឯការជួយស្ត្រីដែលកំពុងជាប់បំណុលយ៉ាងច្រើននេះបានផុសនៅលើផេកបណ្តាញសង្គមលោកកាលពីថ្ងៃទៅ០២ ខែមករា ដែលទង្វើរបស់លោកបានធ្វើឱ្យមនុស្សជាច្រើនកោតសរសើរជាខ្លាំងផងដែរ៕