ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើឱ្យស្វាមីភរិយាដែលបានបែកបាក់គ្នាហើយ សូមកុំជេរឈ្លោះគ្នា ហើយបង្ហោះក្នុងបណ្តាញសង្គម ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសខ្លួនឯង ជាពិសេសខូចកិត្តិយសកូនៗ ទៅថ្ងៃអនាគត។ នេះការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោកកីឡាប៉េតង់ នៅវិមានសន្តិភាព ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ “ប្រសិនបើលែងលះគ្នាហើយ រាប់អានគ្នាធម្មតាទៅ កុំជេរគ្នា ហើយរហូតដល់ជេរតាមហ្វេសបុកឆ្លើយឆ្លងគ្នា។”
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ “ខ្ញុំពិតជាអាណិតដល់កូនៗរបស់ពួកគេ ដែលឱពុកម្តាយជេរគ្នា ខូចកិត្តិយសកូនៗទៅថ្ងៃអនាគត ប៉ះពាល់អារម្មណ៍ក្មេងៗ។”
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការហួសចិត្តផងដែរថា ពេលគេផ្សាយជេរគ្នាក៏មានអ្នកចូលមើលច្រើនK ច្រើនពាន់នាក់។
សម្តេចតេជោ ហ៊ុន សែន ក៏អង្វរដល់អ្នកបែកគ្នា កុំឈ្លោះគ្នា រហូតហែកកេរ្តិ៍គ្នាក្នុងបណ្តាញសង្គម៕
អត្ថបទ៖ លោក ហ៊ន សុភ័ក្រ