បូស្តុន៖ ជនភៀសខ្លួនម្នាក់ ដែលរួចផុតពីរបបដ៏ឃោរឃៅរបស់ខ្មែរក្រហម បានក្លាយជាអភិបាលក្រុងមួយ នៅសហរដ្ឋអាមេរិក ដែលជាកូនខ្មែរអាមេរិកាំងដំបូងគេ ដែលទទួលបានតំណែងនេះ។
លោក ជូ សុខារី (Sokhary Chau) សមាជិកក្រុមប្រឹក្សាក្រុងនៅទីក្រុងឡូវែល (Lowell) រដ្ឋ ម៉ាសាជូសេដ (Massachusetts) ត្រូវបានជ្រើសរើសជាឯកច្ឆន្ទ ដោយសមាជិកក្រុមប្រឹក្សារបស់គាត់ ឱ្យកាន់តំណែងកំពូលរបស់ស្ថាប័ននីតិប្បញ្ញត្តិកាលពីថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២។ ដូច្នេះ លោកក៏បានក្លាយជាអភិបាលក្រុងដែលមានដើមកំណើតអាស៊ី-អាមេរិកាំងដំបូងគេផងដែរ។
បុសវ័យ៤៩ឆ្នាំរូបនេះ បានមានប្រសាសន៍ក្នុងពិធីចូលស្បថកាន់តំណែង ថា៖ “ព្រះប្រទានពរដល់អាមេរិកមែនឬទេ? ខ្ញុំជាជនភៀសខ្លួន ពេលនេះខ្ញុំជាអភិបាលក្រុងធំមួយក្នុងរដ្ឋ Massachusetts។”
លោកបន្ថែមថា៖ “ខ្ញុំមិនដឹងថា តើវាអាចទៅរួចនៅប្រទេសផ្សេងទៀតនៅលើពិភពលោកដែរឬអត់នោះទេ។ ខ្ញុំនៅតែព្យាយាមធ្វើវាឱ្យបាន។”
លោក សុខារី ធ្វើការនៅរដ្ឋបាលសន្តិសុខសង្គមរបស់សហរដ្ឋអាមេរិក។ ទីក្រុងឡូវែល ដែលលោកគ្រប់គ្រង មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ទៅភាគខាងជើងនៃទីក្រុងបូស្តុន។ ទីក្រុងនេះ មានប្រជាជន ១១៥.០០០នាក់ ក្នុងនោះ មាន ២៥% គឺជាជនជាតិដើមអាស៊ី និងជាសហគមន៍ខ្មែរធំទី២ នៅសហរដ្ឋអាមេរិក៕